រដ្ឋបាលខេត្តកោះកុង នឹងរៀបចំពិធីសំណេះសំណាល ព្រមទាំងជូនរង្វាន់ដល់សិស្សជាប់និទ្ទេស A ក្នុងខេត្តកោះកុងទាំងអស់ ដែលកម្មវិធីនឹងប្រព្រឹត្តទៅថ្ងៃ១០ ខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា។
ក្នុងនោះអ្នកឧកញ៉ា ដែលមានជំនួញធំៗក្នុងដៃ ២ រូបបានប្រកាសឧបត្ថម្ភដល់សិស្សានុសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A។ ក្នុងនោះមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group Co.,Ltd និងលោកភរិយាបានឧបត្ថម្ភថវិកា ១០ ០០០ ដុល្លារ និងអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ឧបត្ថម្ភថវិកា ១០ លានរៀល។



សម្រាប់ក្រុមហ៊ុន វិរៈ ប៊ុនថាំ អ្នកឧកញ៉ា សួរ វីរៈ ក៏ធ្លាប់ប្រកាសឲ្យសិស្សនិទ្ទេស A ទាំង ៣ ០០៣ នាក់ នាសម័យប្រឡងថ្ងៃ ២៨-២៩ ខែសីហា ឆ្នាំ២០២៥ ចុះឈ្មោះយកកញ្ចប់ធ្វើដំណើរឥតគិតថ្លៃ រយៈពេលពេញ ១ឆ្នាំផងដែរ។
សូមបញ្ជាក់ថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅសិស្សខេត្តកោះកុង ទទួលបាននិទ្ទេស A ចំនួន ២២នាក់, និទ្ទេស B ចំនួន ៥២នាក់, និទ្ទេស C ចំនួន ១៥៣ នាក់ ,និទ្ទេស D ចំនួន ៣០៧ នាក់ និងនិទ្ទេស E ចំនួន ៣១៦ នាក់។

សូមបញ្ជាក់ផងដែរថា អ្នកឧកញ៉ាទាំង២ តែងតែយកចិត្តទុកដាក់ខ្ពស់ជួយដល់ការងារសង្គម ការងារសប្បុរសធម៌ ពិសេសវិស័យអប់រំក៏អ្នកឧកញ៉ាទាំងទ្វេ ក៏សស្រាក់សស្រាំជួយសម្រួលទុក្ខលំបាក និងការលើកទឹកចិត្តផ្សេងៗដែរ៕
អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Kith Meng និង Neak Oknha Sour Vireak