ក្រសួងបរិស្ថាន និង JICA រួមគ្នាអនុវត្តផែនការមេគ្រប់គ្រងសំរាមនៅភ្នំពេញ ឆ្ពោះទៅសេដ្ឋកិច្ចចក្រា

ក្រសួងបរិស្ថាន បានចុះហត្ថលេខាលើផែនការមេគ្រប់គ្រងសំរាមនៅភ្នំពេញ ជាមួយអង្គការ JICA ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥  បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារគម្រោងសំខាន់មួយស្តីពី «ការអនុវត្តគម្រោងរៀបចំផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ» ជាមួយលោក SANUI Kazumasa តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាអង្គការ JICA ដែលបានបន្តផ្តល់ជំនួយឥតសំណង ទាំងរថយន្តដឹកសំរាម ថវិកា និងជំនួយបច្ចេកទេស ដើម្បីរួមចំណែកអនុវត្ត “ភាពស្អាត” នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកកិច្ចសហការនេះជា “ជំហានថ្មីមួយទៀត” ដែលមានប្រសិទ្ធភាពនៃការរៀបចំ និងដាក់ចេញការអនុវត្តផែនការមេ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា (Circular Economy)។

អង្គការ JICA នឹងបន្តកិច្ចសហប្រតិបត្តការនេះ តាមរយៈការផ្តល់ជំនួយបច្ចេកទេសបន្ថែម ជាពិសេសលើការ កសាងសមត្ថភាពក្នុងការរៀបចំទីលានទុកដាក់សំរាម ស្របតាមគម្រោងផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ ដែលមានរយៈពេល ៣ ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ ២០២៦។

តាមដានជាមួយយើង៖ Million Times

UNDP in Cambodia បានពន្យល់ថា សេដ្ឋកិច្ចចក្រា សំដៅលើគំរូផលិតកម្ម និងការប្រើប្រាស់ ដែលកាត់បន្ថយបរិមាណសំណល់ឱ្យនៅតិចជាអប្បបរមា កាត់បន្ថយការបំពុល ជំរុញការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងជួយធ្វើឱ្យធម្មជាតិកកើតឡើងវិញ។

គោលវិធីសេដ្ឋកិច្ចចក្រា គឺស្ថិតនៅជុំវិញយើងទាំងអស់គ្នា គេអាចយកគោលវិធីនេះមកអនុវត្តនៅតាមវិស័យផ្សេងៗជាច្រើន ចាប់ពីវិស័យវាយនភណ្ឌ រហូតដល់វិស័យសំណង់ និងនៅដំណាក់កាលនានានៃវដ្តជីវិតរបស់ផលិតផល ដូចជាការរចនា ការផលិត ការចែកចាយ និងការចោលសំណល់ចុងក្រោយជាដើម។

ក្រៅពីជួយឆ្លើយតបចំពោះបញ្ហានៃការបំពុល គោលវិធីសេដ្ឋកិច្ចចក្រា ក៏អាចបំពេញតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមស្មុគស្មាញផ្សេងទៀត ដូចជាការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះជាដើម។ គោលវិធីទាំងនេះ អាចជួយឱ្យប្រទេសនានា ពន្លឿនការធ្វើអន្តរកាលរបស់ខ្លួនទៅរកសេដ្ឋកិច្ច ដែលកាន់តែមានភាពធន់ និងបញ្ចេញកាបូនកាន់តែតិច ហើយទន្ទឹមពេលជាមួយគ្នាក៏អាចបង្កើតការងារបៃតងថ្មីៗផងដែរ។

បច្ចុប្បន្ននេះ មានសម្ភារៈដែលប្រើប្រាស់រួចត្រឹមតែ ៧,២ ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃបញ្ចូលទៅក្នុងសេដ្ឋកិច្ចរបស់យើងវិញ បន្ទាប់ពីប្រើប្រាស់រួច។ កត្តានេះដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរមកលើបរិស្ថាន និងរួមចំណែកនាំឱ្យមានវិបត្តិអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុល។ ជាលទ្ធផល បច្ចុប្បន្ន យើងត្រូវការផែនដី ប្រហែលជា ១,៧ ដើម្បីឆ្លើយតបចំពោះតម្រូវការធនធានទាំងអស់នៅក្នុងពិភពលោក៕

អត្ថបទ៖ ប៊ី