ពិព័រណ៍មិនអចិន្ត្រៃយ៍ថ្មីរបស់សារមន្ទីរ ស.ស.រ តាំងបង្ហាញជាសាធារណៈនូវគំនូរលើជញ្ជាំងក្នុងព្រះវិហារព្រះកែវមរកត​ដែលបានរកឃើញឡើងវិញ

សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​ ​ព្រះស្រីឦសានវរ្ម័ននៃធនាគារជាតិនៃកម្ពុជា (សារមន្ទីរ ស.ស.រ) បានសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍​ថ្មីមួយ ក្រោមចំណងជើងថា «ការលេចត្រដែតឡើងវិញ៖ ការបាត់បង់ និងរកឃើញឡើងវិញ​នូវ​គំនូរ​ក្នុង​ព្រះវិហារ​ព្រះកែវមរកត»។

ពិព័រណ៍នេះ បានសម្ពោធបើក​ឱ្យ​ចូល​ទស្សនា ​នៅថ្ងៃទី៤ ខែតុលា ក្រោម​អធិបតីភាព​ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយមានព្រះវត្តមាន និងវត្តមាននៃព្រះរាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គទូត និងតំណាងមកពីវិស័យវប្បធម៌ អប់រំ និងសាជីវកម្មនានា។

ពិព័រណ៍ដែលមិនធ្លាប់មានពីមុនមកនេះ តាំងបង្ហាញនូវរូបគំនូរលើជញ្ជាំងក្នុងព្រះវិហារព្រះកែវមរកតដែលបានរកឃើញឡើងវិញ ក្រោយពីគេធ្លាប់ជឿថា បាត់បង់ជារៀងរហូតទៅហើយ។​ដូច្នោះហើយ ពិព័រណ៍នេះ ក៏ជាផ្នែកមួយនៃការស្តារឡើងវិញនូវ បេតិកភណ្ឌសិល្បៈ និងជំនឿសាសនារបស់កម្ពុជា​ ដោយ​មានការជួយសិក្សាស្រាវជ្រាវពី លោកសាស្រ្តាចារ្យ អូលីវីយេ ដឺ ប៊ែរណុង អ្នកជំនាញនៃសាលាបារាំងចុងបូព៌ា (EFEO) ជាអ្នកពិនិត្យខ្លឹមសារពិព័រណ៍ផ្នែកវិទ្យាសាស្ត្រ។

តាមដានជាមួយយើង៖ Million Times

ជាច្រើនទសវត្សរ៍មកហើយ គំនូរលើជញ្ជាំងដើមសតវត្សទី២០​ក្នុងព្រះវិហារព្រះកែវមរកត ត្រូវបានគេគិតថា បានបាត់បង់ទៅហើយ ដោយសារភាពចលាចលជាច្រើនទសវត្សរ៍ បន្ទាប់ពីការជួសជុលនៅទសវត្សរ៍ឆ្នាំ១៩៦០។ ប៉ុន្តែការវិភាគថ្មីៗនេះ លើហ្វីលកញ្ចក់ពិសេស បានបង្ហាញឱ្យឃើញនូវរូបថតដ៏រស់រវើកនៃរូបគំនូរដ៏អស្ចារ្យទាំងនេះ ដែលផ្តល់ឱកាសដ៏កម្រដើម្បីភ្ជាប់ឡើងវិញនូវទំនាក់ទំនងជាមួយមហាស្នាដៃឯកនៃសិល្បៈខ្មែរ និងការគោរពបូជាព្រះពុទ្ធសាសនា។ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី ដែលបានរក្សាទុកហ្វីលកញ្ចក់ដ៏មានតម្លៃទាំងនេះ បានអនុញ្ញាតប្រកប​ដោយព្រះទ័យ​សប្បុរស​ ឱ្យ​សារមន្ទីរ ស.ស.រ ប្រើប្រាស់រូបថតលើហ្វីលកញ្ចក់ទាំងនោះ សម្រាប់ការតាំងពិព័រណ៍។

ពិព័រណ៍«ការលេចត្រដែតឡើងវិញ» នឹងនាំអ្នក​ទស្សនាធ្វើដំណើរឆ្លងកាត់ប្រវត្តិសាស្ត្រនៃព្រះវិហារព្រះកែវមរកត រហូតដល់ពេល​ដែល​រូប​គំនូរ​ទាំង​នេះ​បាន​បាត់បង់​ទៅ និង​រកឃើញឡើងវិញ។ ពិព័រណ៍នេះបង្ហាញផងដែរនូវការបំផុសគំនិតនៃរូបគំនូរ ក្នុងគម្ពីរព្រះពុទ្ធសាសនានិងប្រពៃណីខ្មែរ កាលៈទេសៈបណ្ដាលឱ្យបាត់បង់ និងតួនាទីនៃការថតរូបក្នុងការអភិរក្ស​នូវ​រូប​គំនូរ​ទាំង​នេះ។ អ្នកទស្សនានឹងឃើញរូបភាពនៃឈុតឆាករឿងជាតកក្នុងគំនូរលើជញ្ជាំង (ជារឿងរ៉ាវនៃអតីតជាតិរបស់ព្រះពុទ្ធ) រួមជាមួយនឹង សាស្រ្តាស្លឹករឹតដ៏កម្រ ដែលចង្អុលបង្ហាញពីសារៈសំខាន់ផ្នែកវប្បធម៌ និងសាសនា។

បទពិសោធន៍បែបអន្តរកម្ម នឹងអនុញ្ញាតឱ្យសាធារណជនធ្វើការបញ្ចាំងហ្វីលកញ្ចក់ចម្លងបែបឌីជីថលពីហ្វីលកញ្ចក់ដើមដោយផ្ទាល់ ដើម្បីស្វែងយល់ពីភាពល្អិតល្អន់នៃគំនូរលើជញ្ជាំង និងភាពលម្អិត​ដ៏អស្ចារ្យនៃការថតរូបនាពេលនោះ។ សៀវភៅមគ្គុទេ្ទសក៍សម្រាប់យុវជន ដែលបានរៀបចំឡើងជាពិសេសមកជាមួយពិព័រណ៍នេះ បានរចនាឡើងដើម្បីចង្អុលបង្ហាញឱ្យអ្នកទស្សនា ​តាមដានរឿងរ៉ាវ និងប្រធានបទនៃ​ពិព័រណ៍ ប្រកបដោយភាពប្រទាក់ក្រឡា៕

អត្ថបទ៖ ប៊ី