ក្រុមការងារ Rithy Granite ត្រឡប់ពីអ៊ីតាលីយ៉ាងជោគជ័យ ក្រោយនាំយកស្តេចថ្មក្រានីតកម្ពុជា ទៅតាំងពិព័រណ៍កម្មវិធី Marmomac

ក្រុមហ៊ុន Rithy Granite Cambodia ដឹកនាំដោយថ្នាក់ដឹកនាំកំពូល លោកស្រី ឡេង ដាវី បានចូលរួម​ដាក់​តាំង​បង្ហាញ​ផលិតផល​ស្ដេច​ថ្ម​ក្រានីត ថ្ម​ម៉ាប​កម្ពុជា ក្នុង​កម្មវិធី Marmomac ក្នុងគោលបំណង នាំយកថ្មក្រានីតធម្មជាតិរបស់កម្ពុជា អោយពិភពលោកបានស្គាល់ តាមរយព​ប្រទេស​​អ៊ីតាលី កាល​ពី​ពេល​ថ្មី​ៗ​នេះ។

តាមដានជាមួយយើង៖ Million Times

កម្មវិធី Marmomac រៀបចំ​រយៈពេល ៤ ថ្ងៃ​ចាប់ពី​ថ្ងៃ ២៣ ដល់ ២៦ ខែ​កញ្ញា ឆ្នាំ ២០២៥ កន្លង​ទៅ នៅ​ទីក្រុង Verona។ បើ​និយាយ​ពី Marmomac ​គឺជា​ព្រឹត្តិការណ៍​ពិភពលោក​ឈាន​មុខ​គេ សម្រាប់​ឧស្សាហកម្ម​ថ្ម​ធម្មជាតិ និង​តំណាង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទាំងមូល ចាប់ពី​វត្ថុធាតុ​ដើម​រហូត​ដល់​ផលិតផល​សម្រេច ដែល​មាន​ការ​ចូលរួម​ពី​ប្រទេស​ជុំវិញ​ទាំងអស់​ជុំវិញ​ពិភពលោក ដូចជាប្រទេស ឥណ្ឌា ប្រេស៊ីល ចិន តួគី ក្រិច -ល-។

ក្រៅពី Rithy Granite Cambodia មាន​ក្រុមហ៊ុន​ប្រមាណ ១ ៤០០ ទៀត បាន​ដាក់​តាំង​បង្ហាញ​ពី​ថ្ម​ម៉ាប ថ្ម​ក្រានីត ថ្ម​តុបតែង និង​បច្ចេកវិទ្យា​កែច្នៃ​ដទៃ​ទៀត។ រាល់​ការ​បង្ហាញ​នៅ Marmomac មាន​ឱកាស​ដើម្បី​រីកចម្រើន ហើយ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​កិច្ចសហការ​ថ្មី​ៗ ដូច្នេះ​ហើយ​ឱកាស​ល្អ​បែបនេះ ក្រុមហ៊ុន Rithy Granite ពិតជា​មិន​អាច​ខកខាន​បាន​ឡើយ។

នៅ​ទី​នោះ​ក្រុម​ការងារ Rithy Granite Cambodia បាន​ជួប​ជាមួយ​ម្ចាស់​អាជីវកម្ម​ជាច្រើន ព្រម​ទាំង​បាន​ដោះដូរ​ការ​ពិភាក្សា​គំនិត​​ច្នៃ​ប្រតិដ្ឋ​ជាមួយ​គ្នា។ ក្នុង​អាគារ​តាំង​ពិព័រណ៍ Marmomac ផលិតផល​ស្ដេច​ថ្ម​ក្រានីត របស់​កម្ពុជា ស្ថិត​ក្រោម​អាជីវកម្ម​ក្រុមហ៊ុន Rithy Granite ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​វិនិយោគ ក៏​ដូច​អ្នក​ទស្សនា​ដែល​ស្រលាញ់​ថ្ម​ធម្មជាតិ ព្រោះ​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត រលើបរលោង ប្លែក​ពី​ផលិតផល​ដទៃ។

Marmomac លើក​ទី ៥៩ បាន​ប្រមូល​ផ្ដុំ​អ្នក​ជំនាញ​មក​ពី​ជុំវិញ​ពិភពលោក ហើយ​ក៏​បង្កើត​ឱកាស​ពិតប្រាកដ​សម្រាប់​អាជីវកម្ម និង​បណ្ដាញ​ផ្សេង​ៗ។ គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន Rithy Granite Cambodia ធ្លាប់​នាំ​យក​ថ្មម៉ាប ថ្មក្រានីត និង​ថ្ម​ធម្មជាតិ ពី​កម្ពុជា ទៅ​ដាក់​តាំង​បង្ហាញ​នៅ​ប្រទេស​ជាច្រើន​រួច​មក​ហើយ៕


អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ