អង្ករផ្ការំដួលកម្ពុជា បានចូលក្នុងទីផ្សារអាមេរិកបោះដុំដ៏ធំ Costco

កម្ពុជា​បាន​ចំណាយ​ពេល​ជាង ១ ឆ្នាំ ក្រោយ​ពី​ចុះ​អនុស្សរណៈ​យោគ​យល់​រវាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រុមហ៊ុន Otis McAllister របស់​អាមេរិក ពេលនេះ​ទទួល​បាន​ផ្លែផ្កា​ហើយ ដោយ​អង្ករ​កម្ពុជា​បាន​ឈានជើង​ចូល​ទៅ​ក្នុង​ផ្សារ Costco ដ៏​ធំ និង​ជា​ផ្សារ​បោះ​ដុំលក់​រាយ​​ធំ​ប្រចាំ​អាមេរិក។

តាមដានជាមួយយើង៖ Million Times

MOU រវាង​កម្ពុជា និង​ក្រុម​ហ៊ុន Otis McAllister ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ ២០២៤ ក្នុង​ដំណើរ​ទស្សនកិច្ច​បើក​ទីផ្សារ ដែល​គ្រា​នោះ​ដឹក​នាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល​ ដើម្បី​ជំរុញ​ការ​នាំ​ចូល​អង្ករ​ទៅ​កាន់​ទីផ្សារ​ នៅ​ក្នុង​រយៈ​ពេល ៥ ឆ្នាំ តាម​លំដាប់​លំដោយ​​ចាប់​ពី ៥ ពាន់​តោន នៅ​ឆ្នាំ​ទី១ រហូត​ដល់ ២ ម៉ឺន​តោន​ សម្រាប់​ឆ្នាំ​ទី​៥ ។

អង្ករ​កម្ពុជា​ថ្មី​ៗ​នេះ បាន​ទៅដល់​ទីផ្សារ​អាមេរិក​ហើយ​ដែរ និង​​ចាប់​ផ្ដើម​​ចែកចាយ​នៅ​ក្នុង​ទីផ្សារ Costco តែម្ដង។ Costco ​ គឺ​ជា​ទីផ្សារ​ដ៏​ធំ​មួយ​របស់​អាមេរិក ហើយ​ក្រុម​ហ៊ុន​ដែល​ឈរ​ជើង​នៅ​ផ្សារ​នេះ​បាន លុះ​ត្រា​តែ​ជា​ក្រុមហ៊ុន​ដែល​គោរព​បាន​នៅ​ស្តង់ដារ​អន្តរជាតិ។

សម្រាប់​ប្រភេទ​អង្ករ​កម្ពុជា​ដែល​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ Costco ជា​អង្ករ​ផ្កា​រំដួល។ ចំណុច​សំខាន់​​ដែល​កម្ពុជា​យើង​អាច​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អាមេរិក​បាន លុះ​ត្រា​តែ​រោងម៉ាស៊ីន​កិនស្រូវ​របស់​កម្ពុជា​មាន​ស្តង់ដារ​ខ្ពស់​បំផុត។ បច្ចុប្បន្ន​ យើង​ឃើញ​ថា មាន​រោង​ម៉ាស៊ីន​កិនស្រូវ​របស់​កម្ពុជា​មួយ​ចំនួន​​ធំ​ហើយ​ ដែល​បាន​ឈាន​ទៅ​ដល់​ការ​អនុវត្ត​ស្តង់ដារ​ខ្ពស់​បំផុត​នេះ​»។ នេះ​យោង​តាម​សម្ដី លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រាប់​ដល់​សារព័ត៌មាន​កម្ពុជា​ថ្មី៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត