ទេសាភិបាលធនាគារជាតិ បណ្ឌិត ជា សិរី ឡើងធ្វើជាវាគ្មិនជាមួយស្រ្តីបារាំងទី១ ដែលបានឡើងទីអវកាស

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា​ថ្មី​ៗ​បាន​ឡើង​ធ្វើ​ជា​វាគ្មិន​ក្នុង​កម្មវិធី​មួយ ដោយ​និយាយ​ជា​ភាសា​បារាំង។ អ្វី​ដែល​គួរឲ្យ​មោទនភាព​ទៀត​នោះ លោក​ជំទាវ​បណ្ឌិត​បាន​ឡើង​ធ្វើ​ជា​វាគ្មិន​ជាមួយ លោកស្រី Claudie Haigneré ជាស្រ្តីបារាំងទី១ ដែល​បាន​ឡើង​ទី​អវកាស។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះ​ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី ដែល​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្នុង​នោះ​ក៏​មាន​វាគ្មិន​ជាច្រើន​ទៀត​ដែរ​រួម​មាន លោកស្រី Claudie Haigneré ជា​ស្រ្តី​បារាំង​ទី​១ បាន​ឡើង​ទៅ​អវកាស, រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី ព្រម​ទាំង​វាគ្មិន​ជនជាតិ​ខ្មែរ ២ រូប​ផ្សេង​ទៀត។

លោក​ជំទាវ​បណ្ឌិត ជា សិរី និង​ស្ត្រី​ដំបូង​បារាំង​ទី១ ដែល​បាន​ឡើង​ទៅ​ទី​លម្ហ បាន​ឡើង​ជា​សន្និសីទ​ក្រោម​​ប្រធានបទ «ស្ត្រី​ដែល​មាន​អំណាច និង​ស្ត្រី​ដែល​ធ្វើ​សកម្មភាព៖តើ​ស្ត្រី​មាន​តួនាទី​អ្វីខ្លះ​នៅ​ក្នុង​ពិភពលោក​មួយ​កំពុង​ផ្លាស់ប្ដូរ» ដោយ​និយាយ​ជា​ភាសា​បារាំង។


Claudie Haigneré វ័យ ៦៨ ឆ្នាំ គឺជា​វេជ្ជបណ្ឌិត​ជនជាតិ​បារាំង អ្នក​នយោបាយ និង​ជា​អតីត​អវកាសយានិក។ លោកស្រី Claudie Haigneré ជា​ស្ត្រី​បារាំង​ដំបូង​គេ​ដែល​បំពេញ​ការងារ​នៅ​ផ្នែក​លម្ហ​អវកាស វិទ្យាសាស្ត្រ និង​នយោបាយ។ នា​ថ្ងៃ​សន្និសីទ​កាល​ពី​ពេល​កន្លង​ទៅ​នោះ លោកស្រី Claudie Haigneré បា​បង្ហាញ​ពី​ប្រវត្តិ​ប្រកប​ដោយ​ការ​បណ្ដុះ​គំនិត ហើយ​ក៏​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​ផ្សេង​ៗ ដែល​គួរ​ផ្ដល់​ទៅ​កាន់​មនុស្ស​ជំនាន់​ក្រោយ មាន​ដូចជា ការ​ប្ដេជ្ញា​ចិត្ត​ផ្នែក​សង្គម មនសិការ​ផ្នែក​បរិស្ថាន សម្បត្តិ រួម (ការអប់រំ ការ​ថែរក្សា​ជីវៈ​ចម្រុះ និង​លម្ហ​អវកាស) កិច្ច​សហប្រតិបត្តិការ​វិទ្យាសាស្ត្រ និង​កិច្ច​សន្ទនា​អន្តរ​វប្បធម៌៕


អត្ថបទ៖ ឆដា, រូបភាព៖ Serey Chea