ឧកញ៉ា ឌិន សុមេធារិទ្ធ ទៅធុរកិច្ចនៅម៉ាឡេស៊ី និងជួបតារាចិន ព្រមទាំងណែនាំពីព្រលានថ្មីដល់ Fan Bingbing

ឧកញ៉ា ឌិន សុមេធារិទ្ធ សហស្ថាបនិក និងជានាយកប្រតិបត្តិនៅ The Frangipani Hotel Group បាន​ធ្វើ​ដំណើរ​អម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ ក្នុង​កម្មវិធី ​ទិវា​ទេសចរណ៍​ពិភពលោក នាទី​ក្រុង​ម៉ាឡាកា ប្រទេស​ម៉ាឡេស៊ី ដែល​ទើប​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ។

តាមដានជាមួយយើង៖ Million Times

សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៅ The Frangipani Hotel Group ឧកញ៉ា ឌិន សុមេធារិទ្ធ ក៏​ជា​ ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​ផង​ដែរ។ នា​ឱកាស​ចេញ​ទៅ​ចូលរួមWorld Tourism Day 2025 ឧកញ៉ា សុមេធារិទ្ធ និង​គណៈប្រតិភូ​កម្ពុជា​ជាច្រើន​រូប​បាន​ជួប​ពិភាក្សា​តូច​មួយ ជាមួយ​កំពូល​តារា​សម្ដែង​ចិន Fan Bingbing នៅ​ទី​នោះ​ផង​ដែរ។

Fan Bingbing បេសកជន​ទេសចរណ៍​របស់​ទីក្រុង​ម៉ាឡាកា ហើយ​ក្នុង​ជំនួប​ក្រៅ​ផ្លូវការ​រវាង​ថ្នាក់​ដឹកនាំ​ក្រសួង​ទេសចរណ៍​កម្ពុជា និង​កំពូល​តារា​ចិន​មាន​គម្រោង និង​សម្រេច​បាន​ផ្លែផ្កា​យ៉ាង​ណា​នោះ ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា មិន​បាន​បញ្ជាក់​ឡើយ។

មិន​ត្រឹម​តែ​ជួប​ពិភាក្សា​គ្នា​ធម្មតា​ឡើយ ឧកញ៉ា ឌិន សុមេធារិទ្ធ ក៏​ឆ្លៀត​ប្រម៉ូត​ប្រាប់ Fan Bingbing ពី​ព្រលាន​​យន្តហោះ​ថ្មី ដែល​កម្ពុជា​ទើប​ដំណើរ​ការ​នៅ​ក្នុង​ខែ​នេះ។ នាយក​ប្រតិបត្តិ​នៅ The Frangipani Hotel Group បាន​បង្ហោះ​វីដេអូ​ជាមួយ​តារា​ចិន ហើយ​ក៏​ជា​អ្នក​ជំនួញ​គ្រឿង​ថែរក្សា​សម្រស់​ដ៏​ល្បី​របស់​ចិន ភ្ជាប់​នឹង​សំណេរ​ថា «អួត​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ ដល់​តារា​ចិន​ដ៏​ល្បីល្បាញ Fan Bing Bing ដើម្បី​ឲ្យ​គាត់​មក​លេង​ស្រុក​ខ្មែរ និង​ជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ព្រោះ​គាត់​មាន followers ជាង​មួយ​ពាន់​លាន​នាក់​»។

គណៈប្រតិភូ​កម្ពុជា​ដែល​ជា​បុគ្គល​សំខាន់​ៗ​មាន​ដូចជាលោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍, ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា ​,លោក​បណ្ឌិត ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិចប្រចាំប្រទេសកម្ពុជា, លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​សុទ្ធតែបានជួប និងថតរូបជាមួយ Fan Bingbing៕


អត្ថបទ៖ ឆដា, រូបភាព៖ Sivlin Chhay, Somethearith Din, Thourn Sinan