លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានទទួលពានរង្វាន់“Smile Asia Philanthropic Visionary Award” លើកទី២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដែលបានរៀបចំឡើងនៅសណ្ឋាគារ Singapore Marriott Tang Plaza ប្រទេសសិង្ហបុរី ។ ពិធីពានរង្វាន់នេះ ត្រូវបានប្រគល់ជូនដោយផ្ទាល់ពីលោកជំទាវ Gan SiowHuang, Minister of State ទទួលបន្ទុកកិច្ចការបរទេស និងកិច្ចការពាណិជ្ជកម្មនិងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី។


គួរជម្រាបជូនថា ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ក្នុងសង្គមលើវិស័យថែទាំសុខភាពហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូន ម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏ជាភរិយាថ្នាក់ដឹកនាំមួយរូបពីកម្ពុជាដែលទទួលបានដំបូងគេផងដែរ។
ចំពោះការប្រគល់ពានរង្វាន់លើកទី ២ នេះជូន លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុនម៉ាណែត គឺជាការទទួលស្គាល់នូវស្នាដៃ សមិទ្ធផល និងការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ លោកជំទាវបណ្ឌិត ចំពោះអង្គការSmile Cambodia ក៏ដូចជាការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។
ថ្លែងក្នុងកម្មវិធីទទួលពានរង្វាន់ លោកជំទាវបណ្ឌិត បានសម្ដែងនូវក្ដីរំភើបរីករាយឥតឧបមាប្រកបដោយកិត្តិយស និងមោទនភាពដ៏ខ្ពង់ខ្ពស់ចំពោះការទទួលបានពានរង្វាន់ដ៏ពិសិដ្ឋនេះ ហើយបានបន្ថែមថា ពានរង្វាន់នេះមិនត្រឹមតែជាការទទួលស្គាល់ និងឆ្លុះបញ្ចាំងពីការលះបង់របស់លោកជំទាវ តែម្នាក់ប៉ុណ្ណោះទេ តែថែមទាំងជាគុណតម្លៃតបស្នងដល់ស្វាមីរបស់ លោកជំទាវ គឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងកូនៗ ឪពុក-ម្ដាយ ក្រុមគ្រួសារមិត្តភក្ដិ និងសហការីទាំងអស់របស់លោកជំទាវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ដែលតែងតែមានការជឿជាក់ និងចូលរួមគាំទ្រលោកជំទាវ ឱ្យសម្រេចបាននូវបេសកកម្មដ៏មានសារៈសំខាន់នេះ។
លោកជំទាវបណ្ឌិត បានបញ្ជាក់បន្ថែមថា ស្វាមីលោកជំទាវ តែងតែបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គឺមិនទុកកន្លែងណាមួយ ឬ ជនណាម្នាក់ចោលនោះទេ។ តាមរយៈគោលជំហរនេះ កម្ពុជាអាចសម្រេចបាននូវវឌ្ឍនភាពជាច្រើន ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់វិស័យអប់រំ និងសុខាភិបាល ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនទៀតដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងបន្តចូលរួមដោះស្រាយ។ លោកជំទាវ បានបន្ថែមថា ការងារមនុស្សធម៌ គឺជាកិច្ចការងារដែលមិនងាយស្រួលសម្រេចបាននោះទេ តែអ្វីដែលសំខាន់អាចឱ្យយើងឈានទៅជម្នះបានឧបសគ្គទាំងនោះ គឺការតាំងចិត្ត ការលើកទឹកចិត្តគ្នា និងការមានក្ដីសង្ឃឹមជាប់ជានិច្ចលើអ្វីដែលយើងកំពុងតែធ្វើ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ លោកជំទាវបណ្ឌិត បានសម្ដែងនូវអំណរគុណដ៏ស្មោះចំពោះអង្គការ Smile Asia និងអង្គការ Smile Cambodia ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ចំពោះសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ទាំងឡាយកន្លងមក ជាពិសេសការលើកកម្ពស់វិស័យសុខាភិបាល និងសុខុមាលភាពកុមារនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ ពាក់ព័ន្ធនឹងបញ្ហាភាពតានតឹង និងការប្រឈមមុខដាក់គ្នាក្នុងជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ នាពេលថ្មីៗនេះ លោកជំទាវបណ្ឌិតបានយកឱកាសនេះបន្តអំពាវឱ្យមានការគោរព និងអនុវត្តឱ្យបានជាដាច់ខាតនូវបទឈប់បាញ់ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា ឱ្យបានពិតប្រាកដ រឹងមាំ និងយូរអង្វែងជារៀងរហូតតទៅ សំដៅស្ដារឡើងវិញនូវសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន នៃប្រទេសទាំងពីរចៀសវាងនូវការស្អប់ខ្ពើម រើសអើងជាតិសាសន៍ និងចងគំនុំគ្នា សម្រាប់ជំនាន់ក្រោយៗទៀត។
លោកជំទាវបណ្ឌិត បានបន្ថែមថា ឆ្លងតាមការចុះជួបសួរសុខទុក្ខគ្រួសារយុទ្ធជនពលី និងកងទ័ពរងរបួសរបស់កម្ពុជាក្នុងពេលកន្លងមក លោកជំទាវបានកត់សម្គាល់ឃើញថាលទ្ធផលនៃសង្គ្រាមនេះ បានជះឥទ្ធិពលអវិជ្ជមានជាច្រើន ចំពោះគ្រួសាររងគ្រោះ និងជាពិសេសលើបញ្ហាសតិអារម្មណ៍និងសុខុមាលភាពកុមារផ្ទាល់តែម្ដង។
លោកជំទាវបណ្ឌិត បានលើកឡើងថា ពានរង្វាន់នេះ គឺមិនត្រឹមតែជានិមិត្តរូបសម្រាប់ថ្ងៃនេះប៉ុណ្ណោះទេ តែក៏ជាការចាប់ផ្ដើមថ្មីសម្រាប់ថ្ងៃអនាគតផងដែរ ដោយ លោកជំទាវបណ្ឌិត បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ ថានឹងបន្តបេសកកម្មក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ជូនដល់ប្រជាជនកម្ពុជាទាំងអស់ ឱ្យកាន់តែសកម្ម និងទូលំទូលាយបន្ថែមទៀត សំដៅជួយសម្រួល និងដោះស្រាយឱ្យបានជាអតិបរមាលើទុក្ខលំបាករបស់កុមារ និងគ្រួសារងាយរងគ្រោះ ជាពិសេសប្អូនៗកុមារី យុវតីយុវនារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។



