បទឈប់បាញ់កម្ពុជា-ថៃ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម សហការរៀបចំជាមួយអាមេរិក និងចូលរួមសង្កេតការណ៍ពីតំណាងភាគីចិន ត្រូវបានរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដឹងគុណចំពោះលោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំ និងធ្វើជាម្ចាស់ផ្ទះនៃដំណើរការបទឈប់បាញ់។


តាមរយៈសេចក្តីថ្លែងការណ៍មួយផ្សាយលើបណ្តាញសង្គមស្ថានទូតអាមេរិកប្រចាំភ្នំពេញ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ ថាជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងការរៀបចំបទឈប់បាញ់ និងការបង្កើតយន្តការក្រុមសង្កេតការណ៍អាស៊ាន។
លោកថ្លែងថា លោកប្រធានាធិបតី Trump និងខ្ញុំ រំពឹងថា រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។
លោកបានសង្កត់ធ្ងន់ថា «យើងនៅតែដឹងគុណចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំរបស់គាត់ និងសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃដំណើរការបទឈប់បាញ់ ដែលជាលទ្ធផលផ្ទាល់នៃឆន្ទៈរបស់គាត់ ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេសថ្ងៃទី២៨ ខែកក្កដា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះនេះ»។
លោកបន្ថែមថា យើងទន្ទឹងរង់ចាំការគាំទ្រដល់ប្រទេសម៉ាឡេស៊ី អាស៊ាន និងប្រទេសទាំងពីរ នៅពេលដែលដំណើរការនេះឈានទៅមុខ។
នៅថ្ងៃទី៧ សីហា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី អាមេរិក និងចិន បានប្រព្រឹត្តទៅដោយជោគជ័យដោយគោរពតាមការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងនាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya កាលពីថ្ងៃទី២៨ ខែកក្កដា ដែលសហរៀបចំដោយម៉ាឡេស៊ី និងអាមេរិក ដោយមានការចូលរួមដ៏សកម្មពីចិន៕