ទាហានរបស់កម្ពុជា នឹងវិលមកវិញយ៉ាងឆាប់រហ័សបំផុត សូមជឿលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ

ពាក់ព័ន្ធនឹងការដោះលែងទាហានកម្ពុជាមកវិញ កាសែតថៃ The Nation បានចុះផ្សាយនៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះថា ឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ បានអះអាងថា កងទ័ពថៃ ត្រូវបញ្ចប់នីតិវិធីតាមច្បាប់សិន មុនបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ការអះអាងនេះ បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តិ បានបង្ហាញក្តីសង្ឃឹមថា កងទ័ពថៃនឹងធ្វើការបញ្ជូនយោធិនកម្ពុជាទាំងអស់ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឱ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។

អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ឱ្យដឹងថា ឧត្តមសេនីយឯក Boonsin Padklang មេទ័ពភូមិភាគ២ថៃ បានបំភ្លឺជូនអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីរួចហើយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែកក្កដា ថា កងទ័ពថៃ នឹងគោរពតាមលក្ខខណ្ឌច្បាប់អន្តរជាតិ និងពន្លឿនការធ្វើមាតុភូមិនិវត្តន៍របស់ទាហានកម្ពុជា នៅពេលដំណើរការផ្លូវច្បាប់បានបញ្ចប់។ ប៉ុន្តែ អ្នកនាំពាក្យកងទ័ពថៃ មិនបញ្ជាក់ទាល់តែសោះ តើត្រូវចំណាយពេលប៉ុន្មានទៅ ទើបដំណើរការផ្លូវច្បាប់បានត្រូវបញ្ចប់ ហើយបញ្ជូនទាហានកម្ពុជាមកវិញ។

ថ្លែងក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងដូច្នេះថា៖ កងកម្លាំងកម្ពុជាចំនួន២១រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ មកទល់ពេលនេះ យើងបានទទួលសពចំនួន១រូប និង២០រូបផ្សេងទៀត ត្រូវបញ្ជូនត្រឡប់មកវិញ។

លោកស្រីបានបន្តថា អ្វីដែលជាគោលដៅសំខាន់បំផុតរបស់យើង គឺនៅតែបន្តការពារទឹកដី និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋយើង និងការពារសន្តិភាព ដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងទៀតនោះទេ ដូចអ្វីដែលយើងបាន និងកំពុងធ្វើបច្ចុប្បន្ននេះ។ លោកស្រីអំពាវនាវឱ្យប្រជាពលរដ្ឋ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងម្លាំងដែលកំពុងឈរការពារទឹកដីយ៉ាងមោះមុត ក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត៕