ដើម្បីជួយទាក់ទាញភ្ញៀវទេសចរពីតំបន់កូកាស (Caucasus) មកកម្ពុជា ប្រទេសអាស៊ែបៃហ្សង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-អាស៊ែបៃហ្សង់។


ពិធីចុះ MoU ធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ រវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃកម្ពុជា និងលោក Elnur Mammadov អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
អាស៊ែបៃហ្សង់ដែលជាប្រទេសដ៏ធំ និងសំខាន់មួយក្នុងតំបន់កូកាស (Caucasus) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-អាស៊ែបៃហ្សង់ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែត្រូវបានពង្រឹង និងពង្រីកជាលំដាប់ ព្រមទាំងជាការធ្វើពិពិធកម្មទីផ្សារទៅកាន់តំបន់ Caucasus ការពង្រីកទេសចរណ៍ម៉ូស្លីម និងការបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែមជាច្រើនទៀត សំដៅទាក់ទងភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង ជាពិសេសភ្ញៀវទេសចរពីតំបន់កូកាស (Caucasus) តាមរយៈជើងហោះហើរត្រង់រវាងទីក្រុង Istanbul មករាជធានីភ្នំពេញនាពេលខាងមុខនេះ។
