ក្រុមហ៊ុន AstraZeneca គ្រោងនឹងចំណាយប្រាក់ចំនួន ៥០ ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិត និងស្រាវជ្រាវនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០៣០ ដែលជាការវិនិយោគដ៏ធំចុងក្រោយបំផុត ដោយក្រុមហ៊ុនឱសថមួយនេះឆ្លើយតបទៅនឹងគោលនយោបាយពន្ធរបស់ប្រធានាធិបតី Donald Trump ។


នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ AstraZeneca បានឲ្យដឹងថា ការវិនិយោគនេះនឹងផ្តល់មូលនិធិដល់រោងចក្រផលិតឱសថថ្មីនៅក្នុងរដ្ឋ Virginia និងពង្រីកការស្រាវជ្រាវ ការអភិវឌ្ឍន៍ (R&D) និងការផលិតការព្យាបាលដោយកោសិកានៅរដ្ឋ Maryland, Massachusetts, California, Indiana និង Texas ជាដើម។
ផែនការនេះក៏នឹងធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្គត់ផ្គង់ការសាកល្បងព្យាបាលនៅសហរដ្ឋអាមេរិករបស់អ្នកផលិតឱសថអង់គ្លេស-ស៊ុយអែត និងគាំទ្រការវិនិយោគដែលកំពុងបន្តនៅក្នុងឧស្សាហកម្មឱសថពិភពលោក។
កាលពីថ្ងៃច័ន្ទ AstraZeneca បាននិយាយថា ការពង្រីកនេះគាំទ្រដល់មហិច្ឆតារបស់ខ្លួនក្នុងការឈានដល់ ៨០ ពាន់លានដុល្លារក្នុងប្រាក់ចំណូលប្រចាំឆ្នាំនៅឆ្នាំ២០៣០ ដោយពាក់កណ្តាលបានមកពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានចំណែកច្រើនជាង ៤០% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ AstraZeneca ក្នុងឆ្នាំ២០២៤ ហើយក្រុមហ៊ុនបាននឹងកំពុងផ្តល់អាទិភាពដល់ទីផ្សារ ដែលជាទីផ្សារធំបំផុតរបស់ពិភពលោក មានតម្លៃ ៦៣៥ ពាន់លានដុល្លារ មុនពេលដែលលោក Donald Trump ចូលកាន់តំណែង៕