ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា បានប្រកាសរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការប្រើប្រាស់ប្រាក់រៀល ដើម្បីលើកស្ទួយអត្តសញ្ញាណជាតិ។ ការប្រកាសធ្វើការរួមគ្នានេះ ធ្វើឡើងកាលរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។


លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រី ជា សិរី និងសហការី ចំពោះសមិទ្ធផលជាច្រើនដែលធនាគារជាតិនៃកម្ពុជា សម្រេចបាននាពេលកន្លងមក មានជាអាទិ៍៖ ការទទួលយកប្រាក់ដុល្លារដែលចាស់ឬប្រឡាក់, ប្រព័ន្ធទូទាត់បាគង, ការដាក់ឱ្យដំណើរការ «Bakong Tourist App» ដែលពិតជាបានចូលរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។
ក្នុងជំនួបនេះ ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា បានពិភាក្សាស្តីពីការជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists App) ដែលនឹងអាចមានកិច្ចសហប្រតិបត្តិការជាមួយនឹង (Visit App Cambodia) ដើម្បីសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ និងជួយផ្សព្វផ្សាយសារមន្ទីរសេដ្ឋកិច្ច និងរូបីយវត្ថុព្រះស្រីឦសានវ័រ្មន (ស.ស.រ.) ដែលជាផលិតផលទេសចរណ៍ប្រវត្តិសាស្ត្រមួយដែលស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ ព្រមទាំងចូលរួមផ្សព្វផ្សាយនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា។

ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists) នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលនឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្តល់ជាមធ្យោបាយទូទាត់តាមអេឡិចត្រូនិក ដែលអាចឱ្យទេសចរអន្តរជាតិធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីនៃការទូទាត់ឌីជីថលនៅកម្ពុជា។