សម្តេច ហ៊ុន សែន ទះកំភ្លៀងនាយករដ្ឋមន្រ្តីស្ដីទីថៃ ដែលមានចំណែកសុំឱវាទ ឬយោបល់ ឬចរចាតាមទូរស័ព្ទមកកាន់សម្តេច

បន្ថែមពីលើសាររបស់លោក ឃ្លាំង ហួត ជាអ្នកមានតួនាទីបកប្រែភាសាថៃជូនសម្តេច ហ៊ុន សែន ដែលបានឆ្លើយតបចំពោះការលើកឡើងរបស់លោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃ ដែលបានវាយប្រហារមកលើសម្តេចថ្មីៗនេះ សម្តេច ហ៊ុន សែន ចេញមកទះកំភ្លៀងនាយករដ្ឋមន្រ្តីស្ដីទីរូបនេះ ដោយសម្តេចបញ្ជាក់ថា បើសម្តេចអត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបសម្តេចនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន?

តាមដានជាមួយយើង៖ Million Times

សម្តេចប្រធានព្រឹទ្ធសភាបានឲ្យដឹងលើបណ្តាញសង្គមនាល្ងាចថ្ងៃពុធនេះថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បក្សពួករដ្ឋាភិបាលចាំផ្ទះថៃចាត់ទុក សម្តេច ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា សម្តេចមិនមានតម្លៃក្នុងការចរចា។ ត្រង់ចំណុចនេះ សម្តេចបានដាក់ជាសំនួរថា តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ?

សម្តេចបញ្ជាក់បន្ថែមថា សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋសម្តេចស្គាល់ច្បាស់ណាស់ ព្រោះសម្តេចដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភានោះឡើយ។

សម្តេចបន្ថែមទៀតថា កាលពីមុនក៏ដូចជាថ្ងៃនេះលោកតែងប្រាប់ជនជាតិថៃថា កុំឲ្យស្តាប់សម្តេចពេក តើលោកខ្លាចបណ្តាញសង្គមដែលសម្តេចបង្ហោះសារចេញមែនទេ?

សម្តេចបានសរសេរក្នុងន័យដើមថា «ខ្ញុំមិនចង់ឆ្លើយតបជាមួយមនុស្សព្រហើនដូចលោកទេ តែខ្ញុំមានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមាន ចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រី អ៊ុង អុីន កន្លងមក។ ជូនពរលោកប្រឹងតោងកៅអីនាយករដ្ឋមន្ត្រីស្តីទីឲ្យបានយូរបន្តិច»៕