សម្ដេច ហ៊ុន សែន ស្នើព្រះមហាក្សត្រ តែងតាំងឥរស្សជនកំពូលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី «ជាទីប្រឹក្សា»

នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដានេះ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោក Dato Sri Prof. Dr. Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

សម្តេច ហ៊ុន សែន បានលើកឡើងថា សម្តេចបានសម្រេចក្រាបបង្គំទូលស្នើសុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ តែងតាំងលោកសាស្រ្តាចារ្យបណ្ឌិត ជាទីប្រឹក្សារបស់សម្តេច ក្នុងនាមជាប្រធានព្រឹទ្ធសភា និងសម្តែងនូវក្តីរំពឹងទុកថា លោកនឹងរួមចំណែកក្នុងការកសាងអភិវឌ្ឍកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីផងដែរ។

លោកសាស្រ្តាចារ្យបណ្ឌិត បានគោរពថ្លែងអំណរគុណ ដឹងគុណ និងជាកិត្តិយស ដែលសម្តេចបានផ្តល់ការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម។ ទន្ទឹមគ្នានេះ លោកសម្តែងនូវក្តីរីករាយ ដែលទទួលបានការតែងតាំងជាទីប្រឹក្សារបស់សម្តេច។  លោកបានបន្តលើកឡើងថា សម្តេច គឺជាថ្នាក់ដឹកនាំដ៏ល្បីល្បាញអស្ចារ្យមួយរូប និងបានស្តារកសាងកម្ពុជា រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចលេចធ្លោជាង២០ឆ្នាំមកនេះ។ 

ជាមួយគ្នានេះ លោកបានជម្រាបជូនសម្តេចអំពីគោលបំណង និងសកម្មភាពការងារនានារបស់លោក រួមចំណែកធ្វើឱ្យជីវភាពប្រជាពលរដ្ឋ  មានលក្ខណៈល្អប្រសើរឡើង ដូចលោកបានធ្វើនៅឥណ្ឌូណេស៊ី និងបណ្តាប្រទេសមួយចំនួន។ លោកបានគូសបញ្ជាក់ថា កិច្ចការមនុស្សធម៌ គឺជាកិច្ចការគ្មានព្រំដែនកំណត់។ នៅក្នុងបរិបទនេះ លោកបានបង្ហាញអំពីបំណងប្រាថ្នារួមចំណែក និងវិភាគទាននៅកម្ពុជា និងបានគោរពស្នើសុំសម្តេចផ្តល់អនុសាសន៍ និងមគ្គុទេសក៍ដឹកនាំ។ 

ជាការឆ្លើយតប សម្តេចបានសម្តែងនូវក្តីរីករាយដែលលោក Dato Sri Prof. Dr. Tahir ទទួលយកការតែងតាំងជាទីប្រឹក្សារបស់សម្តេច និងទន្ទឹមគ្នានេះ បានចង្អុលបង្ហាញអំពីវិស័យដែលលោកអាចពិចារណារួមចំណែកនៅកម្ពុជា ដូចជាការអភិវឌ្ឍជនបទ និងជាពិសេសការគាំទ្រទៅលើកិច្ចការអតីតយុទ្ធជនកម្ពុជា រួមមានការសាងសង់ផ្ទះ និងអណ្តូងទឹកជាដើម ហើយដែលកិច្ចការទាំងនេះគឺមានលក្ខណៈ និងសកម្មភាពស្របទៅនឹងទិសដៅដែលលោកបាននិងកំពុងរួមចំណែក។ 

ផ្សាភ្ជាប់គ្នានេះ សម្តេចបានលើកឡើងអំពីប្រវត្តិនិងការតស៊ូដ៏ជូរចត់របស់សម្តេច ក្នុងនាមជាទាហាន ដែលបានជំរុញសម្តេច ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការអតីតយុទ្ធជននេះ។ សម្តេចបានគូសបញ្ជាក់ថា ជាគុណធម៌ មិនមែនប្រើយុទ្ធជនពេលត្រូវការ ហើយបោះបង់ចោលនោះទេ។ នៅក្នុងន័យនេះ សម្តេចបានស្នើលោកពិនិត្យលទ្ធភាពរៀបចំអភិវឌ្ឍភូមិអតីតយុទ្ធជនមួយ ដើម្បីរួមចំណែកនៅក្នុងបុព្វហេតុនេះ។     

ក្រៅពីនេះ សម្តេចក៏បានចែករំលែកទស្សនៈវិស័យរបស់សម្តេច បន្ទាប់ពីការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ដែលនោះគឺ (១) ការប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ និង (២) ការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប៉ុន្តែ សម្តេចបានសម្តែងនូវការសោកស្តាយចំពោះបញ្ហាដែលកើតឡើងជាមួយប្រទេសជិតខាង ដែលវាពុំគួរកើតឡើង ដោយសារការធ្វើសកម្មភាពឯកតោភាគីរបស់ប្រទេសនោះ តាំងពីការប្រើប្រាស់ផែនទី និងការបិទច្រកព្រំដែន។ សម្តេចបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរធ្វើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពាណិជ្ជកម្ម និងកីឡា ជាដើម ប្រសើរជាងការផ្លាស់ប្តូរគ្រាប់កាំភ្លើងគ្នា ហើយការប្រកាន់យកគោលជំហររបស់កម្ពុជា ដូចជាការប្តឹងទៅ ICJ គឺជាជម្រើសសន្តិវិធី។    

បន្ថែមពីនេះ លោកសាស្រ្តាចារ្យបណ្ឌិត បានបង្ហាញពីការប្តេជ្ញាចិត្តរួមចំណែកបន្ថែមទៀតរបស់លោក ទៅលើកិច្ចការយុទ្ធជននេះ និងសង្ឃឹមថា នឹងត្រឡប់មកកម្ពុជានៅពេលខាងមុខ៕