នៅក្នុងជំនួបនារសៀល ថ្ងៃទី១៥ ខែកក្កដាម្សិលមិញ លោក ឈិន ចូវ អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅវិមានសន្ដិភាព បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជាលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។


លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នៅក្នុងបរិការណ៍ដែលពិភពលោកនៅតែមានភាពមិនប្រាកដប្រជា និងស្របពេលដែលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច កាន់តែមានភាពស្រួចស្រាល់ឡើង ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ គឺកាន់តែមានសារៈសំខាន់ ដែលការណ៍នេះតម្រូវឱ្យប្រទេសទាំងពីរ បន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្សនិងគណបក្ស និងការបន្តបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ដែលជាយុវជនបន្ដវេនរបស់ប្រទេសទាំងពីរ ឱ្យកាន់តែមានសមត្ថភាពរឹងមាំថែមទៀត ដើម្បីត្រៀមខ្លួនទទួលភារកិច្ចដឹកនាំប្រទេសនាពេលអនាគត ក្នុងនាទីជាអ្នកដឹកនាំ។
ជាការឆ្លេីយតប សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត។ សម្ដេចបានគូសបញ្ជាក់បន្ថែមទៀតថា ទំនាក់ទំនងដ៏ល្អប្រសើរនៅគ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺមិនកាត់ផ្តាច់ចេញបានឡើយពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងគណបក្សយើងទាំងពីរ ដោយមានយុវជនជាស្នូល។
សម្តេចបានលេីទឹកចិត្តដល់យុវជន នៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដេីម្បីរួមចំណែកដល់ការបន្តពូនជ្រំនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ៕