ប្រធានាធិបតីចិនលោក Xi Jinping បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរបានផ្លាស់ប្តូរនៅពេលផ្តោតលើកិច្ចសន្ទនា និងស្វែងរកស្ថិរភាពពាណិជ្ជកម្ម ចំពេលប្រឈមមុខនឹងភាពតានតឹងពិភពលោក។


ការគូសបញ្ជាក់របស់លោក Xi ធ្វើឡើងក្នុងពេលទទួលស្វាគមន៍វត្តមានលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅក្នុង Great Hall of People នាទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃអង្គារ។ ដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃរបស់លោក Anthony ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំងដែលជាដៃគូពាណិជ្ជកម្មកំពូលរបស់អូស្ត្រាលី។
លោក Xi បាននិយាយថា “មិនថាទិដ្ឋភាពអន្តរជាតិអាចវិវឌ្ឍយ៉ាងណានោះទេ យើងគួរតែរក្សាទិសដៅទាំងមូលនេះដោយមិនផ្លាស់ប្តូរ” ដោយទទួលស្គាល់ថាទំនាក់ទំនងចិន-អូស្ត្រាលី “បានងើបឡើងពីភាពលំបាក”។
លោក Xi បាននិយាយបន្ថែមថា ប្រទេសចិនមានឆន្ទៈ “ជំរុញការអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងទំនាក់ទំនងចិន-អូស្ត្រាលី”។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា បានចាប់ផ្តើមរង្គោះរង្គើមួយទសវត្សរ៍កន្លងមក ដែលមានការខ្វែងគំនិតគ្នាម្តងហើយម្តងទៀតអំពីសន្តិសុខជាតិ និងផលប្រយោជន៍ប្រកួតប្រជែងនៅទូទាំងតំបន់ប៉ាស៊ីហ្វិក។ យ៉ាងណា ទំនាក់ទំនងនេះមានភាពប្រសើរឡើងវិញក្នុងខែធ្នូ នៅពេលដែលប្រទេសចិនបានលុបចោលការហាមឃាត់លើបង្កងរ៉ុកអូស្ត្រាលីដែលនាំចូល។
លោក Anthony Albanese បាននិយាយថា លោកស្វាគមន៍ឱកាសដើម្បីកំណត់ទស្សនៈ និងផលប្រយោជន៍របស់អូស្ត្រាលី ហើយបានសង្កត់ធ្ងន់ថា ការសន្ទនាត្រូវតែជាបេះដូងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក Anthony បាននិយាយថា “អូស្ត្រាលីផ្តល់តម្លៃដល់ទំនាក់ទំនងរបស់យើងជាមួយប្រទេសចិន ដែលបំរើផលប្រយោជន៍ជាតិរបស់យើង” ។
លោកបន្តថា “វាមានសារៈសំខាន់ណាស់ដែលយើងមានការពិភាក្សាដោយផ្ទាល់ទាំងនេះលើបញ្ហាដែលមានចំពោះយើង និងចំពោះស្ថិរភាព និងវិបុលភាពនៃតំបន់របស់យើង។ ដូចដែលអ្នក និងខ្ញុំបានព្រមព្រៀងគ្នាពីមុន ការសន្ទនាត្រូវតែជាចំណុចកណ្តាលនៃទំនាក់ទំនងរបស់យើង” ។
ជំនួបរវាងមេដឹកនាំទាំងពីរបានកើតឡើងនៅពេលដែលចិនព្យាយាមទាញយកប្រយោជន៍ពីពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដោយបង្ហាញខ្លួនថាជាដៃគូមានស្ថិរភាព និងអាចទុកចិត្តបាន ខណៈអូស្ត្រាលី ចាត់ទុកសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់ខ្លួន។