មហាសេដ្ឋីថៃចាយលុយជិត ៤០០លានដុល្លារ ជួលដីមួយកន្លែងនៅប្រទេសសិង្ហបុរី

ក្រុមហ៊ុនអចលនទ្រព្យ Frasers Property ដែលគ្រប់គ្រងដោយកំពូលមហាសេដ្ឋីមានបំផុតទី៣ នៅប្រទេសថៃ លោក Charoen Sirivadhanabhakdi បានផ្ដួលគូប្រជែងចំនួន ៨ក្រុមហ៊ុន ក្នុងការដេញថ្លៃជួលដីមួយកន្លែងនៅប្រទេសសិង្ហបុរី។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Forbes បានចុះផ្សាយថា ក្រុមហ៊ុនមហាសេដ្ឋីថៃ រួមទាំងក្រុមហ៊ុនជប៉ុន Sekisui House និង CSC Land បានឈ្នះក្នុងការដេញថ្លៃជួលដីក្នុងតំបន់ Bukit Timah រយៈពេល ៩៩ឆ្នាំ ដោយបានដេញថ្លៃដល់ទៅ ៤៩១,៥លានដុល្លារសិង្ហបុរី ឬប្រមាណ ៣៨៦លានដុល្លារអាមេរិក។

ដើមឡើយទីតាំងដីមួយកន្លែងនេះ គឺជាទីលានប្រណាំងសេះ ដែលរដ្ឋាភិបាលបញ្ជាឲ្យបិទជាអចិន្ត្រៃយ៍ក្នុងឆ្នាំ២០២៧ ដោយមានគម្រោងប្រែក្លាយតំបន់នេះ ទៅជាទីតាំងអភិវឌ្ឍន៍លំនៅឋានវិញ។

ដីមួយកន្លែងនោះមានផ្ទៃក្រឡា ១៣ ៥០០ម៉ែត្រការ៉េ ដែលអាចសាងសង់អគារខុនដូរហូតដល់ ៣៨០ខ្នង ខណៈទីតាំងដីនោះក៏នៅក្បែរជាមួយស្ថានីយរថភ្លើងក្រោមដីថែមទៀត។

គួរជម្រាបដែរថា ក្រុមហ៊ុន Frasers Property គឺជាក្រុមហ៊ុនរកស៊ីលើវិស័យអចលនទ្រព្យ របស់កំពូលអ្នកមានបំផុតទី៣ នៅថៃ លោក Charoen Sirivadhanabhakdi ដែលភាគច្រើនក្រុមហ៊ុននេះទិញលក់អចលនទ្រព្យនៅប្រទេសសិង្ហបុរី៕

អត្ថបទ៖ Luffy រូបភាព៖ Forbes