ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ទ្រង់កោតសរសើរ ចំពោះសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្តេចបានបំពេញបេសកកម្មចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ រីរៈកងទ័ព និងប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈមនៅតាមព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នាថ្ងៃទី២៦ និងទី២៧ ខែមិថុនា ឆ្នាំ២០២៥។


ក្នុងព្រះរាជសារនៅថ្ងៃសុក្រនេះ ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលថា «ខ្ញុំសូមកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិដ៏ឧត្តុងឧត្តម តាំងពីដើមរហូតមកដល់បច្ចុប្បន្ន»។
ព្រះអង្គមានព្រះរាជបន្ទូលថា «ខ្ញុំសូមសម្តែងនូវហឫទ័យគាំទ្រទាំងស្រុង និងមានជំនឿជឿជាក់យ៉ាងមុតមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ព្រះរាជាណាចក្រកម្ពុជា មានឯកភាពជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិយ៉ាងច្បាស់លាស់ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ»។

នៅក្នុងឱកាសចុះផ្ទាល់នៅខេត្តឧត្តរមានជ័យ សម្តេច ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង និងជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ។
នៅពេលរសៀល នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ជួបជាមួយ នាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងការពារព្រំដែន និងជួបសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ ក្នុងខេត្តព្រះវិហារ។ នៅព្រឹកថ្ងៃសុក្រនេះមុនវល់មកភ្នំពេញ សម្តេច ហ៊ុន សែន ជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។

គួរបញ្ជាក់ថា កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃ ទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានថៃ លបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។ មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ៕

