គណៈកម្មការប្រឆាំងអំពើពុករលួយ (NACC) របស់ប្រទេសថៃបានប្រកាសថា ចាប់ផ្ដើមបើកការស៊ើបអង្កេតលើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកវរសេនីយ៍ឯកប៉ូលីស Tawee Sodsong និងប្រធាននាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) វរសេនីយ៍ទោប៉ូលីស Yutthana Praedam។


កាសែត BangkokPost បានចុះផ្សាយថា ការស៊ើបអង្កេតរបស់ NACC គឺពាក់ព័ន្ធនឹងករណីពុករលួយ ធ្វើខុសល្មើសច្បាប់ និងធ្វើទុក្ខបុកម្នេញ ចំពោះព្រឹត្តិការណ៍បោះឆ្នោតព្រឹទ្ធសភាកាលពីពេលថ្មីៗ។
ការស៊ើបអង្កេតនេះ ត្រូវបានធ្វើឡើងតាមការស្នើសុំពីក្រុមសមាជិកសភាមួយចំនួន ដែលបានចោទលើ DSI ថា មានពាក់ព័ន្ធនឹងករណីកិបកេងលុយ និងស៊ីសំណូកសូកប៉ាន់ ជាមួយការបោះឆ្នោតព្រឹទ្ធសភា។
គួរជម្រាបដែរថា ស្ថានភាពនយោបាយថៃនាពេលបច្ចុប្បន្ន កំពុងមានភាពវឹកវរជាខ្លាំង ដោយគណៈរដ្ឋមន្ត្រីថៃ កំពុងមានការផ្លាស់ប្ដូរមិនទាន់ប្រាកដប្រជា ខណៈជោគវាសនានៃនាយករដ្ឋមន្ត្រីថៃ ក៏មិនទាន់មានភាពច្បាស់លាស់ថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ BangkokPost