លោកស្រី Ding Yumei អតីតភរិយារបស់ស្ថាបនិកក្រុមហ៊ុន China Evergrande Group លោក Hui Ka Yan ត្រូវបានគេរាយការណ៍មកថា បានទិញអាផាតមិននៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស សរុបជាទឹកប្រាក់រហូតដល់ជិត ៥០លានផោន ឬប្រហែល ៦៧លានដុល្លារ។


ទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះផ្សាយថា អាផាតមិនដែលលោកស្រី Ding បានទិញនោះគឺមានរហូតដល់ ៣៣បន្ទប់ និងបានទិញកាលពីខែកញ្ញា ឆ្នាំ២០២២ ពោលរយៈពេលជិតមួយឆ្នាំ ក្រោយអាជ្ញាធរចិនបញ្ជាឲ្យលោក Hui ប្រើប្រាស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីទូទាត់បំណុលរបស់ក្រុមហ៊ុន Evergrande។
គួរជម្រាបដែរថា លោកស្រី Ding ត្រូវបានគេដឹងថា លែងជាប់ឈ្មោះជាភរិយារបស់ប្រធានក្រុមហ៊ុន Evergrande លោក Hui Ka Yan កាលពីខែសីហា ឆ្នាំ២០២៣ ប៉ុន្តែព័ត៌មានលម្អិតទាក់ទងនឹងការលែងលះរបស់អ្នកទាំង២ មិនត្រូវបានចែករំលែកជាសាធារណៈឡើយ។
បច្ចុប្បន្នលោកស្រី Ding ដែលមានវ័យ ៦៨ឆ្នាំ កំពុងរស់នៅភូមិគ្រឹះមួយខ្នងនៅចក្រភពអង់គ្លេស តម្លៃជាង ៧លានដុល្លារ ជាមួយកូនៗរបស់លោកស្រី ២នាក់ និងចៅចំនួន ២នាក់ផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ SCMP