មេធាវីម្នាក់ដាក់ពាក្យប្ដឹងគណៈកម្មការរៀបចំការបោះឆ្នោត ស្នើឲ្យរំលាយគណបក្ស Pheu Thai

កាលពីថ្ងៃពុធ ទី២៥ ខែមិថុនា មេធាវី Tiwa Karnkasang បានដាក់ពាក្យប្ដឹងគណៈកម្មការរៀបចំការបោះឆ្នោត (EC) ដោយស្នើសុំឲ្យមានការរំលាយគណបក្ស Pheu Thai រួមទាំងបក្សចម្រុះរបស់ខ្លួន ក្រោយចោទប្រកាន់ថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានល្មើសច្បាប់រដ្ឋធម្មនុញ្ញ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន NationThailand បានចុះផ្សាយថា លោក Tiwa បានអះអាងថា ការបែកធ្លាយកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺជាភ័ស្តុតាងបង្ហាញថា លោកស្រី Paetongtarn អសមត្ថភាពដឹកនាំប្រទេស និងបានធ្វើខុសពីច្បាប់រដ្ឋធម្មនុញ្ញ។

លោក Tiwa បានចោទប្រកាន់នាយករដ្ឋមន្ត្រីថៃថា ក្រោមការដឹកនាំរបស់លោកស្រី រដ្ឋាភិបាលជួបនូវភាពរញ៉េរញ៉ៃ មិនអាចដោះស្រាយបញ្ហាការទូតដោយរលូន ជាពិសេសគឺបញ្ហាព្រំដែនជាមួយកម្ពុជា ដោយសារលោកស្រីមានទំនាក់ទំនងល្អ ជាមួយគ្រួសារនាយករដ្ឋមន្ត្រីកម្ពុជា។

មេធាវីរូបនេះបានអំពាវនាវឲ្យ EC យកសំណើរបស់ខ្លួនឡើងទៅដល់តុលាការធម្មនុញ្ញ ដើម្បីពិចារណារំលាយគណបក្ស Pheu Thai រួមទាំងសម្ព័ន្ធមិត្តដែលជាបក្សចម្រុះ និងទាមទារដកហូតសិទ្ធឈរឈ្មោះបោះឆ្នោត របស់សមាជិកបក្សជាន់ខ្ពស់ថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ NationThailand