គណបក្ស Bhumjaithai គ្រោងនឹងបង្ហាញខ្លួនក្នុងនាមជាបក្សប្រឆាំងរដ្ឋាភិបាលថៃ ដោយការដាក់ញត្តិស្នើសុំទម្លាក់តំណែងនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ក្រោយកិច្ចប្រជុំសភាតំណាងរាស្ត្រ ដែលត្រៀមនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដាខាងមុខ។


សារព័ត៌មានថៃ The Nation បានរាយការណ៍ថា គណបក្ស Bhumjaithai បានរៀបចំកិច្ចប្រជុំជាមួយសមាជិកសភារបស់ខ្លួនជាលើកដំបូង ចាប់តាំងពីដើរចេញពីគណបក្សចម្រុះ ដឹកនាំដោយរដ្ឋាភិបាលកាលពីសប្ដាហ៍មុន។
អគ្គលេខាធិការបក្ស និងជាសមាជិកសភា លោក Chaichanok Chidchob បានបញ្ជាក់ប្រាប់ថា មិនថាបក្ស Bhumjaithai ដើរតួជាបក្សប្រឆាំង ឬបក្សចម្រុះដ៏ដោយ ប៉ុន្តែគោលបំណងរបស់បក្សនៅរក្សាដូចដើម គឺបម្រើប្រទេសជាតិ សាសនា និងរបបរាជានិយមឲ្យអស់ពីសមត្ថភាព។
អ្នកនាំពាក្យបក្ស Bhumjaithai អ្នកនាង Bunthida Somchai បានប្រកាសថា បក្សរបស់នាងបានអញ្ជើញបក្សប្រឆាំងផ្សេងទៀត រួមមាន People Party, Palang Pracharath Party, Fair Party និងបក្ស Thai Sang Thai Party ដើម្បីចុះញត្តិរួមគ្នា បង្ហាញពីការអស់ទំនុកចិត្តជាមួយនាយករដ្ឋមន្ត្រី និងទាមទារឲ្យមានការដកតំណែងនាយករដ្ឋមន្ត្រី ពីអ្នកស្រី Paetongtarn Shinawatra៕
អត្ថបទ៖ Luffy រូបភាព៖ ThaiPBS