ក្រុមហ៊ុន Trump Organization ដែលជាអាជីវកម្មចម្បងរបស់គ្រួសារប្រធានាធិបតី Donald Trump បានឲ្យដឹងថា ថ្មីៗនេះពួកគេបានទូទាត់បំណុល ដែលបានខ្ចីមកសាងសង់អគារ Trump Tower នៅលើផ្លូវ 40 Wall Street ក្នុងសង្កាត់Manhattan ទីក្រុង New York ចំនួនប្រហែល ១៦០លានដុល្លារ និងសងជាទឹកប្រាក់សុទ្ធតែម្ដង។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា អគារកម្ពស់ ៧២ជាន់នៅលើផ្លូវ 40 Wall Street គឺជាការវិនិយោគចំណេញបំផុតរបស់លោក Trump ដោយលោកទិញវាត្រឹមតម្លៃ ១លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែប៉ុន្មានឆ្នាំនេះ អគារ Trump Tower មិនមានអ្នកជួលនៅច្រើន ដែលធ្វើឲ្យចំណូលពីអគារនេះ មិនអាចទប់ទល់ជាមួយបំណុល ដែលធ្លាប់ខ្ចីយកមកជួសជុលអគារពីមុន។
ទោះជាយ៉ាងណា បន្ទាប់ពីបានវិលមកអង្គុយកៅអីប្រធានាធិបតីអាមេរិកវិញ គ្រួសារត្រកូល Trump មានកំណើនទ្រព្យសម្បត្តិជាច្រើន ពីការបណ្ដាក់ទុនរបស់ធុរជនគ្រាក់ៗទូទាំងសកលលោក ហើយក៏អាចទូទាត់បំណុលមួយចំនួន ជាទឹកប្រាក់សុទ្ធខ្ទង់រយលានដុល្លារថែមទៀត។
គួរជម្រាបដែរថា ក្រុមហ៊ុន Trump Organization គឺផ្ដោតលើការរកស៊ីក្នុងវិស័យសណ្ឋាគារ និងទីលានវាយកូនហ្គោល ហើយថ្មីៗនេះពួកគេក៏បានប្រឡូកក្នុងវិស័យរូបិយវត្ថុឌីជីថលផងដែរ ដោយទទួលបានប្រាក់ចំណេញរាប់រយលានដុល្លារ ក្នុងរយៈពេលដ៏ខ្លី៕
អត្ថបទ៖ Luffy រូបភាព៖ Bloomberg