ប្រធានាធិបតី Donald trump បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានព្រមព្រៀងលើបទឈប់បាញ់ បន្ទាប់ពីអ៊ីរ៉ង់បើកការវាយប្រហារលើបន្ទាយយោធាអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសកាតា។


ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា លោក Trump បានប្រកាសលើបណ្ដាញសង្គម Truth Social ថា សង្គ្រាមអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងខិតជិតដល់ទីបញ្ចប់ ដោយមេដឹកនាំអាមេរិករូបនេះធានាថា នឹងបញ្ចប់សង្គ្រាមនេះឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។
ចំណែកឯភាគីអ៊ីរ៉ង់វិញបានបញ្ជាក់ច្បាស់ៗថា ពួកគេនឹងយល់ព្រមចំពោះបទឈប់បាញ់ ដែលត្រូវបានស្នើដោយអាមេរិក បើសិនជាអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើខ្លួន ត្រឹមម៉ោង ៤ព្រឹកព្រលឹមថ្ងៃអង្គារ នោះពួកគេក៏បញ្ឈប់ការវាយប្រហារដូចគ្នា។
ចំពោះបញ្ហាមួយនេះ អ៊ីស្រាអែលមិនបានបញ្ចេញមតិចំពោះបទឈប់បាញ់នេះឡើយ ប៉ុន្តែមិនមានរបាយការណ៍ស្ដីពីការវាយប្រហារ បន្ទាប់ពីម៉ោង ៤ព្រឹកព្រលឹមនៅថ្ងៃអង្គារឡើយ ដែលមានន័យថា កិច្ចព្រមព្រៀងឈប់បាញ់មួយនេះ ទំនងនឹងចូលជាធរមានក្នុងពេលឆាប់ៗ៕
អត្ថបទ៖ Luffy រូបភាព៖ The Times