លោក ទៀ សីហា អំពាវនាវពលរដ្ឋថៃនៅកម្ពុជា បន្តខិតខំធ្វើការរកសុី កម្ពុជាមិនរើសអើងឡើយ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា នាព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋថៃទាំងអស់ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា សូមមានការយោគយល់ និងបន្តខិតខំធ្វើការរកសុី ពោលបញ្ហារវាង កម្ពុជា-ថៃ នាពេលនេះជាបញ្ហាកងទ័ពប៉ុណ្ណោះ។

តាមដានជាមួយយើង៖ Million Times

ក្នុងកម្មវិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា លោក ទៀ សីហា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ យើងសូមកុំរើសអើងដល់ជនជាតិថៃ។

លោក ទៀ សីហា ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យអាជីវករថៃ អ្នកវិនិយោគថៃដែលនៅក្នុងប្រទេសកម្ពុជា សូមមេត្តារក្សាភាពអត់ធ្មត់បន្តិច កម្ពុជាមិនចង់ទេ ខ្ញុំថា ជាបញ្ហាកងទ័ព និងកងទ័ពដែលត្រូវបន្តដោះស្រាយរួមគ្នា»

បើតាមការលើកឡើងរបស់ប្រមុខការពារជាតិ ចំពោះអាជីវករថៃ ដែលកំពុងប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា សូមបន្តនិរន្តភាពនៃមុខរបររបស់ខ្លួន ព្រោះកម្ពុជាក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល មិនធ្វើទុកបុកម្នេញទៅកាន់ជនជាតិថៃដែលរស់នៅប្រទេសកម្ពុជាឡើយ។

លោកបានអះអាងដែរថា បញ្ហាដែលកើតរវាងកងទ័ពទាំងពីរ កម្ពុជា-ថៃ ត្រូវតែដោះស្រាយដោយកងទ័ព និងកងទ័ព មិនបានទាញប្រជាពលរដ្ឋមកជាប់ពាក់ព័ន្ធ ឬញុះញង់ឲ្យមានការរើសអើងជាតិសាសាន៍នោះឡើយ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកក្រសួងការពារជាតិ