មនោសញ្ចេតនារយៈពេលជាង ៣០ឆ្នាំរវាងគ្រួសារសម្តេច ហ៊ុន សែន និងលោក ថាក់ស៊ីន ត្រូវបានបំផ្លាញដោយការបែកធ្លាយសារសន្ទនា

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា មនោសញ្ចេតនារយៈពេលជាង ៣០ឆ្នាំរវាងគ្រួសារសម្តេច និងគ្រួសារលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវសារសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន។

តាមដានជាមួយយើង៖ Million Times

សម្តេច ហ៊ុន សែន បានរំលឹកថា រឿងលោកឪស៊ុច ក៏មិនជារឿងថ្មីនោះដែរ ព្រោះសម្តេចក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់សុីន និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត ម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ។ ការរំលឹករបស់សម្តេចធ្វើឡើងក្នុងពេលដែលសម្តេច ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍លោកឪស៊ុច មកគង់នៅកម្ពុជា ក្រោយមានការរើសអើងពីប្រជាពលរដ្ឋថៃមួយចំនួន។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេច ហ៊ុន សែន សរសេរយ៉ាងដូច្នេះថា នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការយើងមានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃ អ៊ុងអុីន និងស្វាមីបានមកទទួលទានអាហារនៅផ្ទះខ្ញុំ។ មុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់ខ្ញុំបានរក្សាបន្ទប់ពីរជូនបងប្អូនទាំងពីរនាក់។ បន្ទប់មួយខ្ញុំដាក់ឈ្មោះថា បន្ទប់ ថាក់សុីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីងឡាក់។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថត និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ។

សម្តេចបានបញ្ជាក់ថា មនោសញ្ចេតនារយៈពេលជាង ៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថមកលើរូបសម្តេច និងនាយករដ្ឋមន្ត្រីកម្ពុជាថាគ្មានវិជ្ជាជីវៈ។

គួររម្លឹកថា ការបែកធ្លាយសំឡេងសន្ទនាមួយរវាងសម្ដេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន បានលាតត្រដាងការពិតដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឲ្យព្រួយបារម្ភ ជុំវិញភាពប្រេះស្រាំផ្ទៃក្នុងរវាងរាជរដ្ឋាភិបាលថៃ និងក្រុមយោធា និងក៏បង្ហាញយ៉ាងច្បាស់ផងដែរថា តើជម្លោះនៅព្រំដែនរវាងកម្ពុជានិងថៃបច្ចុប្បន្ន តើអ្នកណាជាអ្នកបង្កហេតុ?

ការបែកធ្លាយសំឡេងសន្ទនារយៈពេលជាង១៧នាទី បានបង្ហាញថា ទំនាស់ព្រំដែនរវាងកម្ពុជា និងថៃនាពេលនេះ គឺកើតឡើងដោយសារតែមហិច្ឆតារបស់ក្រុមយោធាថៃ ដែលធ្វើឱ្យទំនាក់ទំនងធ្លាប់តែល្អរវាងកម្ពុជានិងថៃកន្លងមកនេះបានប្រែក្លាយជាមានភាពប្រេះស្រាំ។ ជាមួយគ្នានេះ ក៏នាំឲ្យបក្សប្រឆាំងថៃស្នើសុំឲ្យលោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែងទៀតផង៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ