ផែនការបញ្ចេញលក់ទិដ្ឋាការមាសតម្លៃ ៥លានដុល្លាររបស់ប្រធានាធិបតី Donald Trump កំពុងទាក់ទាញចំណាប់អារម្មណ៍ក្រុមមហាសេដ្ឋី និងធុរជនគ្រាក់ៗមកពីទូទាំងសកលលោក។


សារព័ត៌មាន Financial Times បានចុះផ្សាយថា ទិដ្ឋាការមាស ដែលត្រូវបានគេនិយមហៅថា Trump Card បានទាក់ទាញមនុស្សជិត ៧ម៉ឺននាក់ ចុះឈ្មោះចាំទិញប័ណ្ណមាសតម្លៃ ៥លានដុល្លារ ដើម្បីទទួលបានសិទ្ធរស់នៅអាមេរិកដោយស្របច្បាប់ បើទោះជាព័ត៌មានលំអិតទាក់ទងនឹងការបញ្ចេញលក់ មិនទាន់ប្រកាសជាផ្លូវការនៅឡើយ។
គួររំលឹកបន្តិចថា រដ្ឋបាលប្រធានាធិបតី Donald Trump បានបង្កើតគេហទំព័រផ្លូវការ សម្រាប់លក់ទិដ្ឋាការមាសរួចស្រេចហើយ ដោយបច្ចុប្បន្នអនុញ្ញាតឲ្យអ្នកដែលចាប់អារម្មណ៍ ចុះឈ្មោះចាំទិញសិទ្ធរស់នៅអាមេរិក និងរង់ចាំព័ត៌មានលំអិតនាពេលក្រោយទៀត។
រដ្ឋបាលប្រធានាធិបតីអាមេរិកបានដាក់គោលដៅថា នឹងលក់ទិដ្ឋាការមាសនេះ ដើម្បីយកប្រាក់មកទូទាត់បំណុលអាមេរិក ដែលបច្ចុប្បន្ននេះមានប្រហែល ៣៦ទ្រីលានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ BlueSky