អាជ្ញាធរខេត្តកោះកុង ប្រកាសស្វាគមន៍បងប្អូនពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ ដោយបច្ចុប្បន្ននេះកំពុងខ្វះកម្លាំងពលកម្មជាង ៧ ០០០កន្លែង។


លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារពព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ បានឱ្យដឹងថា នៅតំបន់សេដ្ឋកិច្ចពិសេស គឺត្រូវការចំនួន ២,៧០០កន្លែង និងតំបន់សេដ្ឋកិច្ច ជេជាំង ត្រូវការចំនួន ៥០០០កន្លែងទៀតដែលមាន១៧រោងចក្រ បានចុះក្នុងបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ។
លោកស្រីបន្តថា មិនត្រឹមត្រូវខេត្តកោះកុងមួយនោះទេ ដែលកំពុងខ្វះកម្លាំងពលកម្ម ខណៈនៅទូទាំងរាជធានីខេត្ត បច្ចុប្បន្ននេះ ក៏កំពុងខ្វះខាតនូវកម្លាំងពលកម្ម ដើម្បីបម្រើការងារជាដើម។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ សូមកុំព្រួយបារម្ភឱ្យសោះឱកាសការងារ។
បើតាមលោកស្រី មិថុនា ភូថង ទន្ទឹមនឹងការទទួលពលករខ្មែរ នៅព្រំដែនចាំយាម មន្រ្តីជំនាញផ្នែកការងារ ក៏បានចុះផ្សព្វផ្សាយអំពីវគ្គសិក្សាពីជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ពលករខ្មែរយើងផងដែរ ដើម្បីផ្តល់ព័ត៌មានដល់ពួកគាត់ ករណីចាប់អារម្មណ៍ចូលរៀនសូត្រពង្រឹងសមត្ថភាពចំណេះដឹង សម្រាប់ទទួលបានឱកាសការងារស្វែងរកប្រាក់ចំណូលនៅក្នុងស្រុក ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃម្តងទៀត។
គួរឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសសាជាថ្មីម្តងទៀតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងពីការត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរយើងត្រឡប់មកមាតុភូមិជាទីស្រឡាញ់វិញទាំងឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តកោះកុង