ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ប្រកាសបិទទ្វារអាជីវកម្ម ក្រោយប្រតិបត្តិការរយៈពេល ២០ឆ្នាំ

ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអូស្ត្រាលី Qantas Airways បានប្រកាសបិតបញ្ចប់អាជីវកម្មចាប់ពីខែក្រោយតទៅ ពោលគឺថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីដំណើរការរកស៊ីអស់រយៈពេល ២០ឆ្នាំ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មូលហេតុដែល Jetstar Asia សម្រេចបិទទ្វារក្រុមហ៊ុន ដោយសារការរកស៊ីខាតដើម កំណើននៃគូប្រជែងខ្ពស់ គួបផ្សំនឹងថ្លៃជួលអាកាសយានដ្ឋាននៅប្រទេសសិង្ហបុរីកំពុងឡើងថ្លៃខ្លាំង។

ការបិទបញ្ចប់អាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានតម្លៃជើងហោះហើរធូរថ្លៃនេះ នឹងធ្វើឲ្យមនុស្សចំនួន ៥០០នាក់បាត់បង់ការងារ ស្របពេលយន្តហោះ Airbus ចំនួន ១៣គ្រឿងរបស់ Jetstar Asia នឹងត្រូវយកទៅប្រើប្រាស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់វិញ។

គួរជម្រាបដែរថា រយៈពេល ២០ឆ្នាំដែលក្រុមហ៊ុន Jetstar Asia បើកទីស្នាក់ការកណ្ដាលនៅទីក្រុងសាំងហ្គាពួរ និងរកស៊ីក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនរកប្រាក់ចំណេញបានត្រឹមរយៈពេល ៦ឆ្នាំប៉ុណ្ណោះ។

ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ត្រៀមប្រកាសពីការខាតបង់ជាង ២២លានដុល្លារ មិនគិតពីការប្រាក់ និងការបង់ពន្ធ មុនបញ្ចប់ឆ្នាំសារពើពន្ធក្នុងថ្ងៃទី៣០ ខែមិថុនា។ Jetstar Asia ក៏បានប្រកាសលក់ទ្រព្យសកម្មមួយចំនួន ដោយរំពឹងថា នឹងប្រមែប្រមូលលុយប្រហែល ៣២៥លានដុល្លារសម្រាប់ក្រុមហ៊ុនមេ Qantas Airways វិញផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ Flight Report