ទំនាស់រវាងមហាសេដ្ឋី Elon Musk និងប្រធានាធិបតីអាមេរិក Donald Trump ហាក់កំពុងថមថយកម្ដៅវិញបន្តិច ក្រោយមេធំ Tesla បានចេញបង្ហោះសារលើបណ្ដាញសង្គម អះអាងថា លោកមានការសោកស្ដាយខ្លាំង ចំពោះសកម្មភាពរិះគន់លោក Trump នាពេលកន្លង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។


លោក Musk បានអះអាងថា លោកមានការសោកស្ដាយ ចំពោះការបង្ហោះសាររិះគន់ប្រធានាធិបតី Donald Trump កាលពីសប្ដាហ៍មុន ដោយទទួលស្គាល់ថា វាហួសហេតុជ្រុល។ លោក Musk ក៏បានលុបការបង្ហោះសារមួយចំនួន ពាក់ព័ន្ធនឹងការរិះគន់លោក Trump ផងដែរ។
គួរជម្រាបដែរថា Elon Musk ចេញមុខបង្ហោះសារបែបនេះ ដោយសារមានការសម្របសម្រួលពីអនុប្រធានាធិបតី JD Vance រួមទាំងមន្ត្រីរដ្ឋបាលមួយចំនួន បន្ទាប់ពីជម្លោះរវាងមេធំ Tesla និងលោក Trump បានផ្ទុះខ្លាំង ក្រោយ Elon Musk គំរាមគាំទ្របក្សប្រឆាំង និងគាំទ្រការទម្លាក់តំណែងរបស់លោក Trump។
ជម្លោះរវាងលោក Musk និងលោក Trump បានធ្វើឲ្យក្រុមហ៊ុន Tesla រងការខាតបង់ខ្លាំងមិនស្ទើរ ដោយតម្លៃភាគហ៊ុនបានធ្លាក់ដល់ទៅ ១៩% ឬសរុបជាទឹកប្រាក់ប្រហែល ៣០០ពាន់លានដុល្លារឯណោះ៕
អត្ថបទ៖ Luffy រូបភាព៖ Yahoo