ក្រសួងការបរទេសអាមេរិកបង្ហាញផែនការស្បៀងអាហារ សម្រាប់កុមារៗចំនួន ១,៤លាននាក់

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Marco Rubio បានឆ្លើយតបភ្លាមៗ ជុំវិញព័ត៌មានចុះផ្សាយថា អាមេរិកនឹងបញ្ឈប់ការផលិតអាហារកញ្ចប់ដែលអាចទទួលទានភ្លាមៗ (RUTF) ដើម្បីកាត់បន្ថយការចំណាយ ដោយរដ្ឋមន្ត្រីរូបនេះអះអាងថា ទីក្រុងវ៉ាស៊ីងតោន នៅតែបន្តផលិតអាហារ RUTF សម្រាប់ប្រើប្រាស់ជាជំនួយមនុស្សធម៌។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Fox News បានរាយការណ៍ថា ក្រសួងការបរទេសបានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតអាហារ RUTF មិនរកប្រាក់ចំណេញ MANA និង Edesia តាំងពីថ្ងៃទី០២ ខែមីនា និងកំពុងផលិតអាហារសម្រាប់កុមារៗចំនួន ១,៤លាននាក់ ដែលភាគច្រើនស្ថិតនៅតំបន់អាហ្វ្រិក។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់បានប្រាប់ Fox News ថា បច្ចុប្បន្នរដ្ឋាភិបាលបានចំណាយប្រាក់បន្ថែម ៥០លានដុល្លារ ដើម្បីផលិតអាហារ RUTF និងមានគោលដៅផ្ដល់ជំនួយផ្នែក​អាហារូបត្ថម្ភ សម្រាប់កុមារៗអត់ឃ្លានទូទាំងពិភពលោក ច្រើនជាងប្រទេសផ្សេងៗទាំងអស់។

គួរជម្រាបបន្តិចថា អាហារូបត្ថម្ភ RUTF ត្រូវបានផលិតឡើងដើម្បីងាយស្រួលទទួលទាន ជាពិសេសគឺកុមារៗ ហើយវាពោរពេញដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន។ អាហារូបត្ថម្ភ RUTF ត្រូវបានវេចខ្ចប់នៅក្នុងកញ្ចប់តូចៗ ហើយអាចរក្សាទុកបានយូរ និងទទួលទានបានភ្លាមៗពេលហែកកញ្ចប់ទាំងនោះ៕

អត្ថបទ៖ Luffy រូបភាព៖ Yahoo