គម្រោងពង្រីកនិងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ជា៤គន្លងស្គន់-កំពង់ចាមសម្រេចបាន ៥៦%ហើយ

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោងពង្រីកលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) បច្ចុប្បន្នសម្រេចបាន៥៦%ហើយ។ 

តាមដានជាមួយយើង៖ Million Times

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការវាយតម្លៃជារួមចាប់ពី រង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពាន គីហ្សូណា ក្រុងកំពង់ចាម គឺសម្រេចបាន៥៦% នៃផែនការ ក្នុងនោះរួមមាន៖ ការងារសាងសង់ផ្លូវ ប្រវែងសរុប៤៥.៥គីឡូម៉ែត្រ សម្រេចបាន៦០.២៥%, ការងារសាងសង់ស្ពាន សរុបចំនួន៨កន្លែង សម្រេចបាន៩៤.៧៥%, ការងារលូទទឹងផ្លូវ សម្រេចបាន៥០កន្លែង ស្មើនឹង៩៦.១៥%, ធ្វើប្រឡាយថ្មអក្សរ T សម្រេចបាន៥៦០ម៉ែត្រ ស្មើនឹង១៥.៩៥%, លូជ្រុង សម្រេចបាន១២,៩៤១ម៉ែត្រ ស្មើនឹង៤៦.៧២%, ការងារបើកទ្រូងផ្លូវ សរុបចំនួន១១៣កន្លែង បច្ចុប្បន្នបើកបាន៥៦កន្លែង ស្មើនឹង៥០%។

បើតាមលោកអភិបាលខេត្ត ចំពោះទ្រូងផ្លូវ ត្រូវរៀបចំធ្វើជាសួន ដាំដើមឈើ និងដាក់អំពូលភ្លើង ដោយឡែកចំពោះភ្លើងស្តុបត្រូវដាក់ថ្មីផងដែរ។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដែលប្រើប្រាស់រយៈពេលសាងសង់៤០ខែ ហើយតាមផែនការគម្រោងនឹងសាងសង់បញ្ចប់១០០% នៅអំឡុងខែកក្កដា ឆ្នាំ២០២៧ខាងមុខនេះ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម