សម្តេច ហ៊ុន ម៉ាណែត បង្កើតគណៈកម្មការរៀបចំឯកសារ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ រឿងព្រំដែនជាមួយថៃ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ 

ការចេញសេចក្តីសម្រេចនេះ គឺជាការឆ្លើយតបភ្លាមៗចំពោះការឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជាដោយកងទ័ពថៃកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ហើយបានផ្ទុះអាវុធបណ្តាឲ្យកងទ័ពកម្ពុជាមួយរូប ពលីជីវិតនៅចំណុចតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ 

ប៉ុន្មានថ្ងៃក្រោយហេតុការណ៍នេះ សម្តេច ហ៊ុន ម៉ាណែត បានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ។ 

យោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៦ ខែមិថុនានេះ បានតែងតាំងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានដឹកនាំ ខណៈលោក ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាអនុប្រធាន។ 

គណៈកម្មការនេះ មានភារកិច្ច ពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិការពារ ក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមសំណើរបស់ក្រុមការងារកិច្ចការច្បាប់។ ពិនិត្យនិងសម្រេចលើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ សម្រាប់បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ។ 

ធ្វើទំនាក់ទំនងការងារជាមួយតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការប្តឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំង ធ្វើជាតំណាងរបស់កម្ពុជា នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យរហូត ដល់ការបញ្ចប់នីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម