មហាសេដ្ឋីមានបំផុតនៅប្រទេសវៀតណាម លោក Pham Nhat Vuong ប្រធានក្រុមហ៊ុនខ្នាតយក្ស Vingroup បានផ្ដល់កញ្ចប់ជំនួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ប្រហែល ២០,៥ទ្រីលានដុង (៧៩៥លានដុល្លារអាមេរិក) ចន្លោះពីខែវិច្ឆិកា ដល់ខែឧសភា។


សារព័ត៌មាន VNExpress រាយការណ៍ថា កញ្ចប់ជំនួយនោះ គឺជាផ្នែកមួយនៃការសន្យារបស់កំពូលមហាសេដ្ឋីរូបនេះ ដែលគ្រោងជួយក្រុមហ៊ុន VinFast ដែលជាបុត្រសម្ព័ន្ធរបស់ Vingroup សរុប ៥០ទ្រីលានដុង។
ក្រុមហ៊ុនរថយន្ត VinFast កំពុងមានតម្រូវការខ្លាំងលើទីផ្សារ ដោយនៅត្រីមាសដំបូងឆ្នាំនេះ ប្រាក់ចំណូលរបស់ពួកគេមានកំណើនដល់ទៅ ១៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ពោលគឺរកលុយបាន ១៦,៣ទ្រីលានដុង។
គួរជម្រាបដែរថា VinFast គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់លោក Pham Nhat Vuong ដែលបានបង្កើតឡើង ដើម្បីបំពេញតម្រូវការអតិថិជន ក្នុងវិស័យរថយន្ត EV យុគសម័យថ្មី ហើយបច្ចុប្បន្នរថយន្ត EV តម្លៃធូរថ្លៃនេះ កំពុងវាយលុកនៅលើទីផ្សារអឺរ៉ុប និងអាស៊ីជាច្រើនប្រទេស៕
អត្ថបទ៖ Luffy រូបភាព៖ VNExpress