ស្ងាត់ៗ មហាសេដ្ឋីចិន Zhong Shanshan ទិញដីមួយកន្លែង ក្បែរក្រុមហ៊ុនដៃគូក្រសួងការពារជាតិអាមេរិក

សារព័ត៌មានអាមេរិក NTD បានរាយការណ៍ថា មហាសេដ្ឋីចិន Zhong Shanshan ស្ថាបនិកក្រុមហ៊ុនផលិតទឹកបរិសុទ្ធ Nongfu Spring បានទិញដីមួយកន្លែងក្នុងទីក្រុង Nashua នៃរដ្ឋ New Hampshire កាលពីខែមករា ដែលមានទំហំជាង ៩ហិចតា ខណៈទីតាំងដីនោះ គឺនៅក្បែរជាមួយក្រុមហ៊ុនដៃគូរកស៊ី ជាមួយក្រសួងការពារជាតិអាមេរិកជាច្រើន។

តាមដានជាមួយយើង៖ Million Times

ដីមួយកន្លែងនោះត្រូវបានគេប៉ាន់ស្មានថា បានលក់ក្នុងតម្លៃប្រហែល ៦៧លានដុល្លារ ហើយវានៅជាប់នឹងក្រុមហ៊ុន L3Harris ឆ្ងាយពីក្រុមហ៊ុន BAE Systems តែ ១០នាទី និងមានចម្ងាយត្រឹម ៣០នាទីប៉ុណ្ណោះ ពីស្ថានីយ៍កងកម្លាំងអវកាស New Boston។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនចិនធំៗ និងមហាសេដ្ឋីជាច្រើន បានសម្រុកទិញអចលនទ្រព្យ និងដីទំនេរ ដែលមានទីតាំងនៅក្បែរបន្ទាយកងទ័ពអាមេរិក និងបានបង្កជាការព្រួយបារម្ភពីសំណាក់ប្រជាជនអាមេរិកថា ពួកគេចំណាយលុយខ្ទង់លានដុល្លារទិញដីទាំងនោះ ដើម្បីចាំយកការណ៍ ឬទុកប្រព្រឹត្តអំពើចារកម្មនាពេលណាមួយ។

គួរជម្រាបបន្តិចថា មហាសេដ្ឋី Zhong Shanshan គឺជាកំពូលអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតនៅចិនលំដាប់ទី២ ដោយទ្រព្យសម្បត្តិរបស់លោកមានសរុបជាង ៦០ពាន់លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖