ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វផ្លូវជាតិលេខ២ ព្រំប្រទល់ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាននូវការសាងសង់ចំនួន ៨៥% ដោយនៅព្រឹកថ្ងៃចន្ទនេះ ធ្វើពិធីតភ្ជាប់តួស្ពានហើយ។


លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេច បានប្រមាណ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាសដែលមានទិសដៅពីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ។ ចំណែកស្ពានអាកាស ដែលមានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ មកភ្នំពេញវិញ នឹងរួចរាល់នៅចុងខែកក្កដាឆ្នាំ២០២៥ខាងមុខ។
ស្ពានអាកាសអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកការដា្ឋនសាងសង់ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយរាជរដ្ឋាភិបាលជាម្ចាស់គម្រោង តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ ចំនួន១៦,២០០,៥០០ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។

សូមជម្រាបជូនថា ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាមេ (ធ្នឹមរាងអក្សរ I ) មានបណ្ដោយ ស្ពាន៦២២ម៉ែត្រ ក្នុងនោះ៖ ស្ពានទី១៖ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ស្ពានទី២៖ ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន៕


អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេករដ្ឋបាលរាជធានីភ្នំពេញ