ប្រធានាធិបតី Donald Trump បានបញ្ជាឲ្យរដ្ឋបាលរបស់លោក ប្រញាប់ហាមឃាត់មិនឲ្យប្រជាជនមកពីប្រទេសចំនួន១២ ចូលក្នុងសហរដ្ឋអាមេរិកជាដាច់ខាត ក្រោមហេតុផលថា ការពារសន្តិសុខជាតពី «ភេរវករបរទេស»។


សារព័ត៌មាន Reuters បានរាយការណ៍ថា បទបញ្ជាថ្មីរបស់មេដឹកនាំអាមេរិករូបនេះ នឹងត្រូវចូលជាធរមានពីថ្ងៃចន្ទ ទី០៩ ខែមិថុនាតទៅ ខណៈប្រទេសទាំង១២ នោះរួមមាន អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។
លោក Trump អះអាងថា ប្រទេសទាំង១២ ដែលរងការហាមឃាត់នេះ ត្រូវបានកំណត់ដោយសារ ប្រទេសទាំងនោះពោរពេញដោយជនភេរវករ បរាជ័យក្នុងការសហការត្រួតពិនិត្យលើទិដ្ឋាការ អសមត្ថភាពក្នុងការត្រួតពិនិត្យអត្តសញ្ញាណអ្នកធ្វើដំណើរ និងមានកម្រិតបទល្មើសច្រើនលើសលុប ពាក់ព័ន្ធនឹងជនជាតិទាំងនោះនៅអាមេរិក។
ការហាមឃាត់បែបនេះ គឺជាផ្នែកមួយនៃគោលនយោបាយរឹតបន្តឹងការចេញចូលរបស់ជនអន្តោប្រវេសន៍ មកកាន់ទឹកដីសហរដ្ឋអាមេរិក ហើយវាមានលក្ខណៈស្រដៀងគ្នា ទៅនឹងការដឹកនាំអាណត្តិដំបូងរបស់លោក Trump ដែលធ្លាប់បានហាមឃាត់មិនឲ្យប្រជាជនមកពីប្រទេសកាន់សាសនាឥស្លាមចំនួន៧ មិនឲ្យចូលអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ Monitor