កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រធានាធិបតីអាមេរិក Donald Trump បានទម្លាយប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន Xi Jinping លោកបានសម្រេចនូវសមិទ្ធផលដ៏គួរឲ្យពេញចិត្តមួយ។


សារព័ត៌មាន Reuters បានចុះផ្សាយថា កិច្ចព្រមព្រៀងសំខាន់ៗជាច្រើនត្រូវបានធ្វើឡើង អំឡុងពេលថ្នាក់ដឹកនាំប្រទេសទាំង២ ជជែកគ្នាតាមទូរស័ព្ទ ហើយក្នុងនោះរដ្ឋាភិបាលក្រុងប៉េកាំង បានយល់ព្រមនាំចេញរ៉ែកម្រៗជាច្រើន ចូលក្នុងទីផ្សារអាមេរិកឡើងវិញ បន្ទាប់ពីផ្អាកអស់ជាច្រើនសប្ដាហ៍។
សមិទ្ធផលមួយនេះបានបង្ហាញឲ្យឃើញថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចយក្សលើពិភពលោកទាំង២ កំពុងថមថយកម្ដៅជាងមុនខ្លាំង ខណៈមានក្ដីរំពឹងថា ការស្វែងរកដំណោះស្រាយ ដើម្បីផលប្រយោជន៍រៀងៗខ្លួន នឹងសម្រេចបាននាពេលឆាប់ៗនេះ។
គួរជម្រាបដែរថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមពាណិជ្ជកម្មជាថ្មី ក្រោយប្រធានាធិបតី Donald Trump ប្រកាសពីផែនការទារពន្ធគយសងសឹកទ្រង់ទ្រាយធំ កាលពីខែមករា ដោយក្នុងនោះប្រទេសចិនរងផលប៉ះពាល់ខ្លាំងជាងគេ។
ជាការឆ្លើយតប រដ្ឋាភិបាលក្រុងប៉េកាំងក៏បានបន្ថែមការទារពន្ធគយទៅវិញទៅមក ហើយទើបមួយរយៈចុងក្រោយ ប្រទេសទាំង២ បានចាប់ផ្ដើមបើកកិច្ចសន្ទនា ចរចាស្វែងរកដំណោះស្រាយដ៏ល្អមួយ ដើម្បីផលប្រយោជន៍រៀងៗខ្លួន៕
អត្ថបទ៖ Luffy រូបភាព៖ FoxNews