កាលពីយប់ថ្ងៃទី ៤ ខែមិថុនាម្សិលមិញ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់នូវគោលជំហររបស់ខ្លួន ឥតងាករេ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ ដែលកំពុងតានតឹង តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
រាជរដ្ឋាភិបាលកម្ពុជា នៅតែបង្ហាញក្ដីសង្ឃឹមថា រាជរដ្ឋាភិបាលថៃនឹងសហប្រតិបត្តិការរួមគ្នា ដើម្បីនាំយកសំណុំរឿងពាក់ព័ន្ធនឹងបញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ក្នុងមស្មារតីស្មើភាពគ្នា ការសាងសង់ទំនុកចិត្ត មិត្តភាពរយៈពេលវែង និងជាអ្នកជិតខាងល្អ។
សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ថា ប្រសិនបើភាគីថៃ មិនព្រមសហការតាមការអំពាវនាវរបស់កម្ពុជា នោះកម្ពុជានៅតែបន្ដរៀបចំដំណើរការសំណុំរឿងនេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយឯករាជ្យ។
ការដែលសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោយពេលរាជរដ្ឋាភិបាលថៃ ចេញសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន ដោយបានច្រានចោលនូវយន្ដការដែលកម្ពុជាស្នើឡើង ដើម្បីដោះស្រាយបញ្ហាព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយភាគីថៃ ទទូចឱ្យមានការចរចាដោះស្រាយបញ្ហាព្រំដែននេះ នៅក្នុងក្របខណ្ឌយន្ដការទ្វេភាគីដែលមានស្រាប់តែប៉ុណ្ណោះ។
បើតាមរាជរដ្ឋាភិបាលថៃ ក្នុងក្របខណ្ឌយន្ដការទ្វេភាគីដែលមានស្រាប់ រួមមាន៖ គណៈកម្មាធិការព្រំដែនរួម (JBC) ដែលជាយន្ដការបច្ចេកទេស ដែលបង្កើតឡើងក្រោមអនុស្សារណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ ២០០០។ គណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា (GBC) ដែលជាយន្ដការកម្រិតរដ្ឋមន្ត្រីការពារជាតិ។ គណៈកម្មាធិការព្រំដែនតំបន់ (RBC) ដែលជាយន្ដការកម្រិតមេបញ្ជាការកងទ័ពក្នុងតំបន់។
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី