សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្រុមគ្រួសារបានប្រគល់ដី ២ហិកតា មានតម្លៃជាង ១០លានដុល្លារដែលកូនស្រីសម្តេចទុកសាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន សម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមករៀននៅភ្នំពេញ។


លើបណ្តាញសង្គម Facebook សម្តេច ហ៊ុន សែន សរសេរយ៉ាងដូច្នេះថា ព្រឹកមិញ ខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ ខ្ញុំបានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្ទេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ។
សម្តេចបញ្ជាក់ថា បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី សម្តេចយកការសម្រេច ទី១ យកដី ២ហិកតា ដែលទិញតម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន។ ទី២ ការសាងសង់សម្រាប់និស្សិតស្រ្តីស្នាក់ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់ស្នាក់នៅ ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ដូចនេះយើងត្រូវកសាងចំនួន ១២០បន្ទប់។

បើតាមសម្តេចប្រធានព្រឹទ្ធសភា អន្ទេវាសិកដ្ឋាននេះក៏ត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជម្ងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។ ក្រោយការសាងសង់នឹងប្រគល់ជូនជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។
សម្តេចមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថាអន្ទេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ»៕



អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ផេកសម្តេចតេជោ