ក្បួន​ដង្ហែ​យោធាទ្រង់ទ្រាយធំក្នុងថ្ងៃកំណើតប្រធានាធិបតី Trump គ្រោងចាយលុយ ៤៥លានដុល្លារ

នៅថ្ងៃទី១៤ ខែមិថុនាខាងមុខ សេតវិមាននឹងរៀបចំនូវក្បួនដង្ហែយោធាទ្រង់ទ្រាយធំមិនធ្លាប់មាន ដើម្បីអបអរគម្រប់ខួបនៃការបង្កើតកងទ័ពអាមេរិករយៈពេល ២៥០ឆ្នាំ ហើយវាចំនឹងថ្ងៃកំណើតប្រធានាធិបតី Donald Trump ឈានចូលដល់វ័យ ៧៩ឆ្នាំផងដែរ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន NBC បានរាយការណ៍ថា កញ្ចប់ចំណាយនៅក្នុងថ្ងៃទី១៤ ខែមិថុនានោះ រដ្ឋាភិបាលត្រៀមប្រហែល ៤៥លានដុល្លារ រួមបញ្ចូលទាំងថ្លៃជួសជុលផ្លូវថ្នល់ ក្រោយបញ្ចប់ពិធីប្រហែល ១៦លានដុល្លារផង។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ បក្សប្រឆាំងបានរិះគន់យ៉ាងខ្លាំងចំពោះរដ្ឋបាលលោក Trump ដោយអះអាងថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងព្យាយាមកាត់បន្ថយការចំណាយ ប៉ុន្តែបែរជាចាយលុយខ្ជះខ្ជាយ ទៅលើការរៀបពិធីបែបនេះទៅវិញ។

គួរជម្រាបដែរថា វានឹងក្លាយជាការរៀបចំក្បួនយោធានៅទីក្រុងវ៉ាស៊ីងតោនលើកដំបូងក្នុងរយៈពេល ៣៤ឆ្នាំ ពោលអាមេរិកដង្ហែរក្បួនយោធានៅទីក្រុងវ៉ាស៊ីងតោនចុងក្រោយបំផុតក្នុងឆ្នាំ១៩៩១ ដើម្បីអបអរការបញ្ចប់សង្គ្រាមឈូងសមុទ្រ រវាងប្រទេសអ៊ីរ៉ាក់ ជាមួយក្រុមប្រទេសចំនួន៤២ ដឹកនាំដោយសហរដ្ឋអាមេរិក៕

អត្ថបទ៖ Luffy រូបភាព៖ AOL