ក្រុមហ៊ុន Nestle បានដាក់ពាក្យបណ្ដឹងទៅកាន់អតីតដៃគូអាជីវកម្មរបស់ខ្លួននៅប្រទេសថៃ គឺគ្រួសារមហាសេដ្ឋីត្រកូល Mahagitsiri ជុំវិញការចោទប្រកាន់ថា បានរំលោភសិទ្ធ និងស្លាកសញ្ញាអាជីវកម្មរបស់ Nestle។


សារព័ត៌មាន VNExpress ចុះផ្សាយថា ក្រុមហ៊ុនផលិតចំណីអាហារមានមូលដ្ឋាននៅប្រទេសស្វីស បានទាមទារសំណងជាទឹកប្រាក់ ១៨លានដុល្លារអាមេរិក ខណៈសំណុំរឿងមួយនេះត្រៀមជំនុំជម្រះក្ដីនៅថ្ងៃទី០៩ ខែមិថុនាខាងមុខ។
គួររំលឹកបន្តិចថា លោក Prayudh Mahagitsiri គឺជាធុរជនល្បីឈ្មោះ និងមានរហស្សនាមថា ជាស្ដេចកាហ្វនៅប្រទេសថៃ ដោយសារភាពជាដៃគូជាមួយក្រុមហ៊ុន Nestle រយៈពេល ៣៤ឆ្នាំ ចែកចាយកាហ្វេកញ្ចប់ពាសពេញប្រទេស ខណៈបច្ចុប្បន្នមានទ្រព្យសម្បត្តិ ១,៨ពាន់លានដុល្លារ។

ជម្លោះរវាងភាគីទាំងសងខាងកើតមានឡើង ពេលក្រុមហ៊ុន Nestle ទាមទារឲ្យមានការបែងចែកត្រឹមត្រូវ ចំពោះការចែកចាយផលិតផលមានម៉ាកយីហោ Nestle នៅប្រទេសថៃ ដោយខាងក្រុមហ៊ុនស្វីសចង់បាន ៥០%។
ចំណែកឯគ្រួសារមហាសេដ្ឋីថៃបានប្រកែក ក្រោមហេតុផលថា រយៈពេលជាង ៣០ឆ្នាំមកនេះ ពួកគេតែងតែបង់ថ្លៃឲ្យក្រុមហ៊ុន Nestle សម្រាប់ការប្រើប្រាស់ម៉ាកយីហោ ក្នុងទំហំទឹកប្រាក់រាប់សិបលានបាតរៀងរាល់ឆ្នាំ៕
អត្ថបទ៖ Luffy រូបភាព៖ Bangkokpost