ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណដល់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលតែងតែជួយផ្សព្វផ្សាយពីភាពវិជ្ជមានល្អៗ អំពីប្រទេសកម្ពុជា ទៅកាន់ពិភពលោក ដោយលោកបញ្ជាក់ថា នេះគឺជាទង្វើដ៏គួរឲ្យចងចាំ មិនអាចភ្លេចបាន។


ថ្លែងក្នុងពិធីបិទសមយុទ្ធនាគមាស ឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា មិនអាចបំភ្លេចបាន គឺសូមអរគុណដល់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលតែងយកចិត្តទុកដាក់ មិនថាវិស័យកងទ័ព វិស័យផ្សេងៗ នៅប្រទេសកម្ពុជា គឺលោកបានយកចិត្តទុកដាក់ ហើយបានបំផុសនូវចលនាមួយ ដែលមើលឃើញពីភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោក ជាពិសេស គឺទៅដល់ប្រជាជនចិន។
លោកថ្លែងថា «កន្លងមកនេះ មិនថា បុណ្យបប្រពៃណីជាតិរបស់យើង ក៏លោកបានចូលរួម មិនថា កម្ពុជាកំពុងជួបនូវទុក្ខលំបាក លោក ក៏បានចូលរួមរំលែកទុក្ខ ជាមួយកម្ពុជា មិនថាកម្ពុជាមានភាពរីកចម្រើន លើវិស័យផ្សេងៗ ឯកឧត្តមក៏ជួយផ្សព្វផ្សាយ នៅតាមបណ្តាញសង្គមរបស់ខ្លួន ទៅដល់ពិភពលោក និង ជាពិសេស គឺទៅដល់ប្រជាជនចិន ឲ្យមានការចាប់អារម្មណ៍ លើប្រទេសកម្ពុជា… លោក ទៀ សីហា សង្ឃឹមថា នៅថ្ងៃអនាគត លោកនឹងអូសទាញបាននូវប្រជាជន ក៏ដូចជា ភ្ញៀវអន្តរជាតិ មកទស្សនា នៅប្រទេសកម្ពុជារបស់យើង ដែលមានសុខសន្តិភាពពេញលេញនៅទីនេះ»។
ជាការកត់សម្គាល់ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលមានវត្តមាន ក្នុងពិធីបិទសមយុទ្ធនាគមាស នាពេលនោះផងដែរ តែងតែបានបង្ហាញពីការរីកចម្រើនរបស់កម្ពុជា ជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ ជួយបង្ហាញពីផលិតផលកសិកម្មខ្មែរ ហើយពេលខ្លះ លោក Wang Wenbin ក៏បានទៅដល់ចម្ការ របស់ប្រជាកសិករផ្ទាល់ក៏មានតាមរយៈការបង្ហោះ នៅលើបណ្តាញសង្គមផ្លូវការ ដោយមានទាំងភាសាខ្មែរ និងភាសាបរទេស ខណៈដែលលោកក៏ជាបុគ្គលល្បីឈ្មោះមួយរូប នៅលើឆាកអន្តរជាតិ មុនពេលមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា៕

