ប្រធានាធិបតី Trump ដកហូតសិទ្ធឈរឈ្មោះជាប្រធានអង្គការ NASA របស់មហាសេដ្ឋី Isaacman

កាលពីថ្ងៃទី០២ ខែមិថុនា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសដកហូតសិទ្ធឈរឈ្មោះជាបេក្ខភាពដឹកនាំអង្គការ NASA របស់មហាសេដ្ឋី Jared Isaacman មុនថ្ងៃបោះឆ្នោតសម្រេចប៉ុន្មានថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីកាសែត WSJ។

តាមដានជាមួយយើង៖ Million Times

សេតវិមានមិនបានបញ្ជាក់លំអិតអំពីមូលហេតុនៃការដកហូតសិទ្ធរបស់លោក Isaacman ឡើយ ប៉ុន្តែដំណឹងមួយនេះគឺជាការពិត ដ្បិតអ្នកនាំពាក្យ Liz Huston បានបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតី កំពុងស្វែងរកបេក្ខភាពថ្មី ដើម្បីដឹកនាំអង្គការ NASA។

គួររំលឹកបន្តិចថា មហាសេដ្ឋី Jared Isaacman គឺជាបេក្ខភាពលេចធ្លោរមួយរូប សម្រាប់ដឹកនាំអង្គការ NASA ក្នុងបេសកកម្មរុករកលំហអាកាស ដ្បិតរូបលោកធ្លាប់មានបទពិសោធន៍យ៉ាងជោគជ័យ ក្នុងការជិះយានអវកាស SpaceX ទៅកាន់លំហអាកាសជាលើកដំបូង។

ពាក់ព័ន្ធនឹងការដកហូតសិទ្ធជាបេក្ខភាពដឹកនាំអង្គការ NASA នេះ មហាសេដ្ឋី Isaacman ផ្ទាល់នៅមិនទាន់ចេញមុខប្រតិកម្មអ្វីឡើយ ប៉ុន្តែសមាជិកសភា លោក Tim Sheehy បានរិះគន់ចំពោះការសម្រេចចិត្តរបស់រដ្ឋបាលលោក Trump ជុំវិញបញ្ហាមួយនេះជាខ្លាំង ដោយអះអាងថា គ្មានបេក្ខភាពណាដែលសាកសមជាងលោក Isaacman ឡើយ ក្នុងការគ្រប់គ្រង NASA៕

អត្ថបទ៖ Luffy រូបភាព៖ Yahoo