ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos កំពុងរៀបចំកិច្ចព្រមព្រៀងផ្លូវច្បាប់មួយ ដើម្បីការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកប្រមាណ ២២០ពាន់លានដុល្លារ មុនថ្ងៃរៀបអាពាហ៍ពិពាហ៍ ជាមួយគូដណ្ដឹងអ្នកនាង Lauren Sanchez។


ដំណឹងនៃការរៀបអាពាហ៍ពិពាហ៍របស់មហាសេដ្ឋីរូបនេះ ត្រូវបានលេចលឺឡើងថា នឹងកើតឡើងនៅខែមិថុនាឆ្នាំនេះ ដោយរៀបចំកម្មវិធីនៅលើនាវាផ្ទាល់ខ្លួនតម្លៃ ៥០០លានដុល្លារ នៅទីក្រុង Venice ប្រទេសអ៊ីតាលី។
លោក Bezos និងអ្នកនាង Sanchez បានចាប់ដៃក្លាយជាគូដណ្ដឹងនៅឆ្នាំ២០២៣ ប៉ុន្តែមហាសេដ្ឋីអាមេរិករូបនេះបានពន្យារពេលរៀបការ ដោយសារមេធាវីផ្ទាល់ខ្លួនព្រមានពីហានិភ័យផ្លូវច្បាប់ ពាក់ព័ន្ធនឹងការបែងចែកទ្រព្យសម្បត្តិ បើសិនជាអ្នកទាំង២ ចែកផ្លូវគ្នានាពេលក្រោយ។
បច្ចុប្បន្ន មេធាវីផ្ទាល់ខ្លួនរបស់ស្ថាបនិក Amazon បានបញ្ជាក់ថា ឯកសារពាក់ព័ន្ធដើម្បីការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់មហាសេដ្ឋីរូបនេះ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ដ្បិតក្រុមការងារលោកចំណាយពេលរាប់ខែ ដើម្បីសម្រេចរឿងមួយនេះ៕
អត្ថបទ៖ Luffy រូបភាព៖ Yahoo