អង្គការ JETRO គ្រោងនឹងនាំវិនិយោគជប៉ុនមកសិក្សាឱកាសរកស៊ីនៅកម្ពុជា

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន Japan External Trade Organization ហៅកាត់ JETRO គ្រោងនឹងនាំវិនិយោគិនជប៉ុនជាច្រើនរូប​ មកធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែមអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា នាពេលខាងមុខ​។

តាមដានជាមួយយើង៖ Million Times

នៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២៩ ខែឧសភានៅប្រទេសជប៉ុន ជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោក ISHIGURO Norihiko នាយកប្រតិបត្តិនៃអង្គការ JETRO បានបង្ហាញនូវអារម្មណ៍រីករាយ ដែលបានចូលរួមសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកាធុរកិច្ច កម្ពុជា-ជប៉ុន នៅទីក្រុងតូក្យូ នាថ្ងៃនេះ ដែលទទួលបានការចូលរួមយ៉ាងច្រើនកុះករពីតំណាងក្រុមហ៊ុន-សហគ្រាសជប៉ុន និងកម្ពុជា​។ លោកថា គណៈប្រតិភូអង្គការ JETRO គ្រោងនឹងនាំវិនិយោគិនជប៉ុនជាច្រើនរូប​ មកធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែមអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា នាពេលខាងមុខ​។

ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ JETRO ដែលបានចូលរួមរៀបចំវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន។ សម្ដេចចាត់ទុកវេទិកានេះជាយន្តការដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងធុរជនកម្ពុជា-ជប៉ុន​ ក៏ដូចជាការផ្សព្វផ្សាយនូវឱកាសវិនិយោគ និងភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា។ 

សម្ដេចបានគូសបញ្ជាក់បន្ថែមអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្ត និងការបន្តយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក្នុងវិស័យឡូជីស្ទីក​ ដូចជា បណ្តាញផ្លូវថ្នល់ អាកាសយានដ្ឋានអន្តរជាតិ និងកំពង់ផែទឹកជ្រៅ ជាដើម។ សម្ដេចក៏បានលើកឡើងអំពីការជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសដាច់ដោយឡែកសម្រាប់វិនិយោគិនជប៉ុន ដែលនឹងជាគំរូថ្មីមួយនៃការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដែលមានឯកទេសកម្ម ទៅតាមប្រភេទឧស្សាហកម្ម ឬ ប្រទេសជាក់លាក់។ សម្ដេចក៏បានគូសបញ្ជាក់ពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ច និងវិនិយោគ​នៅកម្ពុជា។ 

សម្ដេចនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យអង្គការ JETRO បន្តដើរតួនាទីជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនជប៉ុន និងកម្ពុជា និងជំរុញការវិនិយោគជប៉ុននៅកម្ពុជា ឱ្យកាន់តែកើនឡើងថែមមួយកម្រិតទៀត៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ផេកសម្តេចធិបតី