ស្ថាបនិកក្រុមហ៊ុន PDD Holdings មហាសេដ្ឋីចិន Colin Huang បានរបូតទ្រព្យសម្បត្តិប្រហែល ៥,៧ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ខ្លួន ដាំក្បាលចុះសឹងមិនគួរឲ្យជឿលើទីផ្សារហ៊ុន Nasdaq កាលពីថ្ងៃអង្គារ ទី២៧ ខែឧសភា។


សារព័ត៌មាន Forbes បានចុះផ្សាយថា កត្តាដែលជំរុញឲ្យតម្លៃហ៊ុនរបស់ PDD ធ្លាក់ចុះយ៉ាងលឿនបែបនេះ បណ្ដាលមកពីទិន្នន័យប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុនចិន ទទួលបានការខាតបង់ច្រើនពេក។
តម្លៃហ៊ុនរបស់ក្រុមហ៊ុន PDD លើផ្សារហ៊ុន Nasdaq បានធ្លាក់ចុះរហូតដល់ ១៣,៦% បន្ទាប់ពីក្រុមហ៊ុនបញ្ចេញរបាយការណ៍ស្ដីប្រាក់ចំណេញប្រចាំត្រីមាសទីមួយ ដែលមានការធ្លាក់ចុះដល់ទៅ ៤៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
បើទោះជារងការខាតបង់ខ្លាំងបែបនេះក្ដី ប៉ុន្តែកំពូលអ្នកមានចិនរូបនេះ នៅតែមានលុយចាយច្រើនហូរហៀរ ពោលទ្រព្យសម្បត្តិរបស់លោកមានប្រហែល ៣៦ពាន់លានដុល្លារ ជាមហាសេដ្ឋីមានបំផុតទី៦ នៅប្រទេសចិន។ នេះបើតាមរបាយការណ៍បញ្ចេញដោយទស្សនាវដី្តនិយាយពីអ្នកមាន Forbes៕
អត្ថបទ៖ Luffy រូបភាព៖ VOV