ក្រោយពីបើកដំណើរការផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) ជាបណ្តោះអាសន្នអស់ជាង ៤ខែ ហើយទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ មកដើរលែងកំសាន្តយ៉ាងកុះករ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងស្រ្តីទី១កម្ពុជា ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។


ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៨ ខែឧសភានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នប៉ុន្មានខែនេះ ពិតជាទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។
លោកបន្តថា ផ្លូវថ្មើរជើងនេះ នឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រី ពេជ ចន្ទមុន្នី ទៅតាមសំណើររបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាក្នុងការជ្រើសរើសយកទីតាំងនៃការកាត់ខ្សែបូរណ៍សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ការត្រៀមលក្ខណៈសព្វបែបយ៉ាង ទាំងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលរបស់យើង ដោយគិតទាំងការរៀបចំ អនាម័យបរិស្ថាន ការសម្ដែងសឹល្បៈក៏ឱ្យធំហើយល្អប្រសើរជាងមុន សំខាន់ទីតាំងលើផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) ដាច់ខាតត្រូវតែស្អាត មានបរិស្ថានល្អ។
សូមជម្រាបជូនថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ៕





អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ