ក្រុមហ៊ុនលោក Trump ចាយលុយ ២,៥ពាន់លានដុល្លារ បង្កើតរតនាគារ Bitcoin ផ្ទាល់ខ្លួន

ក្រុមហ៊ុន Trump Media and Technology Group របស់ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពីផែនការបង្កើតរតនាគារ Bitcoin ផ្ទាល់ខ្លួន តាមរយៈការចំណាយទឹកប្រាក់ ២,៥ពាន់លានដុល្លារទិញកាក់ឌីជីថលមួយនេះ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Fortune ចុះផ្សាយថា កញ្ចប់ចំណាយ ២,៥ពាន់លានដុល្លាររបស់ក្រុមហ៊ុន Trump Media នឹងទិញបានកាក់ Bitcoin ចំនួន ២២ ៥០០កាក់ ដោយបច្ចុប្បន្នវាមានតម្លៃ ១១០ ០០០ដុល្លារក្នុងមួយកាក់។

រតនាគារ Bitcoin គឺជាកន្លែងផ្ទុកកាក់ឌីជីថលរយៈពេលវែង ក្នុងគោលបំណងទុកប្រើប្រាស់ក្នុងស្ថានភាពអាសន្នណាមួយ ដូចជាត្រូវបែងចែកទ្រព្យសកម្ម ឬក៏ជាយុទ្ធសាស្ត្រប្រឆាំងនឹងវិបត្តិអតិផរណា។ រតនាគារ Bitcoin តែងតែត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ឬក៏ក្រុមហ៊ុនខ្នាតយក្ស។

គួរជម្រាបដែរថា ផែនការវិនិយោគមួយនេះ នឹងធ្វើឲ្យក្រុមហ៊ុន Trump Media and Technology Group ក្លាយជាក្រុមហ៊ុនគ្រប់គ្រងកាក់ Bitcoin ច្រើនបំផុតទី៣ បន្ទាប់ពីក្រុមហ៊ុនជីកកាក់ MARA ដែលមាន Bitcoin ប្រហែល ៥ពាន់លានដុល្លារ និងក្រុមហ៊ុន Strategy របស់មហាសេដ្ឋី Michael Saylor មានកាក់ Bitcoin ចំនួន ៦៣ពាន់លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ FXLeader